ក្រចេះ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ មានកូនផ្សោតមួយក្បាលទៀតទើបនឹងកើតថ្មី នៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតដែលទើបនឹងកើតថ្មី ត្រូវបានប្រទះឃើញ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅចំណុចអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ដោយយកចិត្តទុកដាក់ និងតាមដាន ដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការWWF។
កូនផ្សោតនេះមានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យ៥ក្បាលផ្សេងទៀត ហើយនេះជាកូនផ្សោតទី៣ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។
អត្ថបទ៖ តាតុងសែនជ័យ

