សារព័ត៌មានប្រទេសឡាវបានផ្សាយនាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៦ នេះឱ្យដឹងថា ភ្លៀងទឹកកកធ្លាក់ខ្លាំងព្រមទាំងព្យុះព្រឹលបានវាយប្រហារទៅលើទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ បន្ទាប់ពីការយាងទស្សនកិច្ចរបស់ព្រះមហាក្សត្រថៃបានបញ្ចប់ទៅមិនយូរប៉ុន្មាន ដែលបណ្ដាលឱ្យផ្ទះសម្បែង សាលារៀន និងយានយន្តនៅក្នុងស្រុក សិក្សត្តពង្ស រងការខូចខាតយ៉ាងដំណំ នេះបើតាមការរាយការណ៍ពីអ្នកស្រុក។

ដុំព្រឹលទឹកកកធំៗ ដែលអ្នកស្រុកខ្លះអះអាងថា មានទំហំប៉ុនកណ្តាប់ដៃ បានកម្ទេចកញ្ចក់បង្អួច និងធ្វើឱ្យដំបូលប្រក់ក្បឿង ស័ង្កសី និងដែកស័ង្កសីរហែករាយបែកខ្ចាត់ខ្ចាយ។ ផ្ទះមួយចំនួនបានរលំតាមផ្នែក និងបានបង្ខំឱ្យក្រុមគ្រួសារមួយចំនួនត្រូវភៀសខ្លួនទៅពឹងពាក់សាច់ញាតិ។
អ្នកស្រុកនៅភូមិ វាំងខាំ បានឱ្យដឹងថា សហគមន៍ទាំងមូលត្រូវបានប៉ះពាល់ ដោយមានកំទេចកំទីពេញខ្ទេចខ្ទាំនៅក្នុងផ្ទះ ព្រមទាំងទឹកភ្លៀងបានហូរចូលតាមដំបូលដែលខូចខាត។ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីអ្នករបួសនៅឡើយទេ។

បើតាមប្រភពក្នុងស្រុក សាលារៀនយ៉ាងហោចណាស់ចំនួនបីនៅក្នុងស្រុកនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដំបូលត្រូវបានបំផ្លាញទាំងស្រុង ខណៈដែលផ្ទះគ្រូបង្រៀនរាប់សិបខ្នងក៏ត្រូវរងគ្រោះផងដែរ។
តំណាងសាលាឯកជនមួយបានឱ្យដឹងថា តាមរបាយការណ៍បឋមបង្ហាញថា គ្រូបង្រៀនប្រមាណ ១២៥ នាក់មកពី ១៦ សាលារៀន មានផ្ទះសម្បែងរងការខូចខាតក្នុងកម្រិតផ្សេងៗគ្នា។
បច្ចុប្បន្ន អ្នកស្រុកបានចាប់ផ្ដើមបោសសម្អាតគំនរកំទេចកំទី និងប្រមូលទ្រព្យសម្បត្តិដែលនៅសេសសល់ ខណៈដែលអាជ្ញាធរតំបន់មិនទាន់ចេញសេចក្ដីរាយការណ៍ជាផ្លូវការអំពីការវាយតម្លៃការខូចខាតសរុបដែលបណ្ដាលមកពីព្យុះនេះនៅឡើយទេ៕

