ភ្នំពេញ៖ ប្រជាពលរដ្ឋប្រុសស្រី មកចូលរួមពិធីបុណ្យសាច់ញាតិ ឆ្លៀតនាំគ្នាជិះទូកស្មាច់កម្សាន្តលេង នៅដងទន្លេមេគង្គ រមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ គាប់ជួនលង់លិចទូកកណ្តាលទន្លេ សង្គ្រោះបាន៦នាក់ រកសាកសពឃើញ២នាក់ និងនៅបាត់ខ្លួន៤នាក់ទៀត បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះប្រុសស្រីទាំងអស់មានគ្នា១២នាក់ មានទីលំនៅស្រុកត្រាំកក់ ខេត្តតាកែវ បានមកចូលរួមពិធីបុណ្យសាច់ញាតិ នៅក្នុងឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លុះពិធីបុណ្យចប់ ក្រុមជនរងគ្រោះមិនទាន់វិលទៅស្រុកវិញទេ ចង់ស្គាល់កម្សាន្តលេងរមណីយដ្ឋានឆ្នេរខ្សាច់កោះដាច់ ហើយក៏នាំគ្នាជិះទូកស្មាច់សរុបចំនួន១២នាក់ តាមដងទន្លេមេគង្គ មិនទាន់បត់ទូកចូលឆ្នេររមណីយដ្ឋានកោះដាច់ផង ស្រាប់តែលិចទូកតែម្តង ផ្អើលពលរដ្ឋជួយសង្គ្រោះបាន៦នាក់ រកសាកសពឃើញ២នាក់ ប្រុស១នាក់ ស្រី១នាក់ និងនៅបាត់ខ្លួន៤នាក់ទៀត គិតមកដល់រសៀលថ្ងៃដដែល។

ករណីលិចទូកខាងលើ ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចតាមស្វែងរក ចំណែកជនរងគ្រោះសង្គ្រោះបាន បញ្ជូនទៅមណ្ឌលសុខភាពក្បាលកោះ។

អត្ថបទ៖ តាតុងសែនជ័យ

Share.