រយៈពេលត្រឹមឆ្នាំ ២០២៥ មួយឆ្នាំពេញប្រទេសថៃបានប្រឈមមុខនឹងវិបត្តិទុរេនដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិ​សាស្ត្រ​​ទីផ្សារទុរេននាំចេញទៅប្រទេសចិន។ ទិន្នន័យពីអាជ្ញាធរគយចិនបង្ហាញថា ក្នុងឆ្នាំ២០២៥ទាំងមូល ថៃនាំចេញទុរេនទៅកាន់ទីផ្សារចិនបានតម្លៃសរុប ៤.០ ពាន់លានដុល្លារអាមេរិក ដែលជាការថយចុះ ០.៤%បើធៀបនឹងឆ្នាំ២០២៤។

ទោះបីជាតួលេខនេះហាក់ដូចជាមិនធ្លាក់ចុះខ្លាំងក្នុងភាគរយក៏ដោយ ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភជាងនោះគឺ ការបាត់បង់ចំណាត់ថ្នាក់លេខ១តាមបរិមាណនាំចេញទៅឱ្យប្រទេសវៀតណាម។ បើតាមទិន្នន័យដដែលនោះ វៀតណាម​នាំចេញទុរេនទៅចិនបាន ៩៤០,០០០ តោន ខណៈថៃនាំចេញបានត្រឹម ៩០០,០០០ តោនប៉ុណ្ណោះ។

ស្ថានភាពនេះកើតឡើង ខណៈដែលតម្លៃនាំចូលទុរេនសរុបរបស់ចិនកើនឡើងដល់ ៧.៤៩ ពាន់លានដុល្លារ ពោលគឺកើនឡើង ៧.១% បើធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះបង្ហាញថា ទីផ្សារទុរេននៅចិននៅតែជាតម្រូវការខ្ពស់ ប៉ុន្តែថៃបានរបូតដៃពីការចាប់យកកំណើននេះបាត់ទៅហើយ ជាហេតុនាំឱ្យទីផ្សារទុរេនរបស់ថៃប្រែជារួមតូច ខណៈដែលដៃគូប្រកួតប្រជែងដូចជា កម្ពុជា វៀតណាម និងម៉ាឡេស៊ី កំពុងដណ្តើមបានចំណែកទីផ្សារកាន់តែច្រើន។

នៅក្នុងឆ្នាំ២០២៥ អាជ្ញាធរចិនបានចាប់ខ្លួន និងផ្តន្ទាទោសឈ្មួញកណ្តាល និងក្រុមហ៊ុននាំចេញទុរេនថៃជាច្រើនករណី ពាក់ព័ន្ធនឹងការក្លែងបន្លំស្លាកសញ្ញាប្រភពដើម និងការប្រើប្រាស់សារធាតុគីមីហាមឃាត់ដូចជា BY2 ជាដើម។ នេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះទុរេនថៃ ដែលធ្លាប់ត្រូវបានគេចាត់ទុកថាជាផលិតផលដែលមានគុណភាពខ្ពស់ជាងគេនៅក្នុងតំបន់។

យ៉ាងណាមិញ នៅពេលថៃកំពុងធ្លាក់ទីផ្សារពីចិន វៀតណាមមិនត្រឹមតែយកឈ្នះថៃខាងបរិមាណនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានវិនិយោគយ៉ាងខ្លាំងលើការកែលម្អគុណភាព និងការកសាងម៉ាកយីហោផ្ទាល់ខ្លួនផងដែរ។

ទុរេនវៀតណាមកំពុងទទួលបានការទទួលស្គាល់កាន់តែខ្លាំងពីអ្នកប្រើប្រាស់ចិន ដោយសារតម្លៃប្រកួតប្រជែង និងគុណភាពមានស្ថិរភាព។ កម្ពុជាវិញ បើទោះបីជាមានទិន្នផលតិចជាងថៃ និងវៀតណាមក៏ដោយ ប៉ុន្តែទុរេនកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារចិន តាមរយៈកិច្ចព្រមព្រៀងនាំចេញផ្ទាល់ និងការធានាគុណភាពតាមស្តង់ដារ GAP និង GMP។

កម្ពុជាកំពុងដាក់ខ្លួនជាអ្នកផ្គត់ផ្គង់ទុរេនសរីរាង្គ និងមានសុវត្ថិភាព។ នៅក្នុងឆ្នាំ ២០២៦ នេះ ចិនបានងាកចេញពីទីផ្សារទុរេនថៃ មកចាប់អារម្មណ៍ខ្លាំងលើពូជទុរេន Musang King របស់ម៉ាឡេស៊ី ខណៈប្រទេសនេះកំពុងពង្រីកការដាំដុះ និងនាំចេញទុរេនកកទៅកាន់ចិនក្នុងគោលដៅ១៥០០តោន។ ទោះជាយ៉ាងណា គុណភាពខ្ពស់ និងប្រព័ន្ធតាមដានដើមកំណើតច្បាស់លាស់ ធ្វើឱ្យទុរេនម៉ាឡេស៊ីក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តសម្រាប់អ្នកបរិភោគចិនដែលអាចកើបចំណូលបានខ្ពស់។

នៅពេលដែលការប្រកួតប្រជែងនៅក្នុងទីផ្សារទុរេនចិនកំពុងឡើងកម្តៅ ហើយថៃផ្ទាល់កំពុងប្រឈមមុខនឹងពេលវេលាដ៏តានតឹងនៃនាំចេញផ្លែឈើរបស់ខ្លួន ថៃបាននឹងកំពុងដាក់ចេញនូវវិធានការស្ដារគុណភាពទុរេនរបស់ខ្លួនឡើងវិញ តាមរយៈ ការប្រញាប់ប្រញាល់ដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ក្រោមឈ្មោះថា Chanthaburi Model ដោយយកខេត្តចន្ទបុរីដែលជាបេះដូងផលិតទុរេនរបស់ថៃធ្វើជាគម្រូ ប្រើប្រាស់ស្លាក GAP ជាក្រុមជំនួសឱ្យ GAP បុគ្គល ដើម្បីទប់ស្កាត់បញ្ហាក្លែងបន្លំកម្មសិទ្ធិ ហើយថែមទាំងប្រញាប់ប្រញាល់ស្វែងរកកិច្ចចរចានាំចេញទុរេនជាមួយឈ្មួញចិនបន្ថែមទៀត ដើម្បីដណ្ដើមយកទីផ្សាររបស់ខ្លួនមកវិញ។

បទពិសោធន៍បរាជ័យរបស់ថៃក្នុងវិបត្តិទីផ្សារនាំចេញទុររេន ល្មមតែជាមេរៀនមួយយ៉ាងល្អសម្រាប់កម្ពុជាយើងដែល កំពុងតែក្លាយខ្លួនជាដៃគូផ្គង់ផ្គត់ទុរេនស្រស់ និងទុរេនសរីរាង្គសម្រាប់ប្រទេសចិនកាន់តែធំ ចៀសវាងឱ្យបានដាច់ខាត ព្រោះប្រសិនបើអតិថិជនបាត់បង់ទំនុកចិត្តហើយនោះ យើងនឹងពិបាកស្ដារត្រលប់មកវិញណាស់ ដូចថៃកំពុងតែដុតដៃដុងជើងដើម្បីយកចិត្តអតិថិជនចិនដូច្នោះដែរ៕

Share.