ប៉ាតាយ៉ាតំបន់ឆ្នេរសមុទ្រពេញនិយមរបស់ថៃ ដែលត្រៀមរៀបចំព្រឹត្តិការណ៍ចូលឆ្នាំថ្មី២០២៦ យ៉ាងគក្រឹកគក្រេង ត្រូវបានអាជ្ញាធរតំបន់ចុះបង្រ្កាបបំបែកសំបុកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញដែលបានរកឃើញថា មូលដ្ឋាននេះបោកប្រាស់បានប្រាក់បាន ៧០០លានបាត ឬស្មើនឹងជាង ២០លានដុល្លារក្នុងមួយឆ្នាំៗ។

យោងតាមសារព័ត៌មានក្នុងស្រុកថៃ The Nation នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អាជ្ញាធរតំបន់ និងប៉ូលីសអន្តោប្រវេសន៍ថៃ​ បានឆ្មក់ចូលភូមិគ្រឹះដ៏ប្រណីតមួយកន្លែងក្នុងក្រុងប៉ាតាយ៉ា និងចាប់ខ្លួនជនជាតិឥណ្ឌា ២៥នាក់ដែលបម្រើការឱ្យមេក្លោងជនជាតិថៃ បង្កើតល្បែងស៊ីសងខុសច្បាប់ បោកប្រាស់ប្រាក់ពីប្រទេសឥណ្ឌា និងបណ្ដាប្រទេសផ្សេងទៀត។

ជនសង្ស័យជនជាតិឥណ្ឌាទាំង ២៥នាក់នេះ បានប្រើប្រាស់ទិដ្ឋាទេសចរណ៍ ចូលមកក្នុងទឹកដីថៃធ្វើការងារខុសច្បាប់យ៉ាងរំភើយ ដោយមិនមានការត្រួតពិនិត្យដិតដល់ពីសំណាក់អាជ្ញាធរអន្តោប្រវេសន៍ឡើយ។ បញ្ហានេះ ស បញ្ជាក់ថា ប្រព័ន្ធត្រួតពិនិត្យព្រំដែនថៃមានចន្លោះប្រហោងធំធេង ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនឆ្លងដែនមកជ្រកកោនយ៉ាងងាយស្រួល។

ប្រតិបត្តិការណ៍នេះ ប៉ូលីសរឹបអូសបានវត្ថុតាងជាង ៨០មុខរួមមានកុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃជាច្រើនគ្រឿង។ តាមរយៈការឆែកឆេរលើកុំព្យូទ័រទាំងនោះ ប៉ូលីសបានរកឃើញថា ពួកគេបានទំនាក់ទំនងទៅកាន់គេហទំព័រល្បែងធំៗចំនួន៣ ដែលមានទឹកប្រាក់បង្វិលជាមធ្យម ៥.៦លានរូពីក្នុងមួយថ្ងៃ (ប្រហែល ៧០០ លានបាតក្នុងមួយឆ្នាំ ស្មើនឹងជាង ២០លានដុល្លារ)។

ក្រុមឧក្រិដ្ឋជនបានរៀបចំរចនាសម្ព័ន្ធយ៉ាងមានរបៀបរៀបរយ មានទាំងផ្នែកទីផ្សារ គណនេយ្យ និងសេវាកម្មអតិថិជន ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ថៃបានក្លាយជាកន្លែងដែលងាយស្រួលបំផុតសម្រាប់បង្កើតបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

ពួកគេបានរៀបចំផែនការបញ្ជៀសការពីចាប់អារម្មណ៍ពីអ្នករស់នៅក្នុងតំបន់ ដោយមានត្រៀមម៉ាស៊ីនភ្លើងផ្ទាល់ខ្លួន និងស្បៀងអាហារក្លាសេយ៉ាងច្រើន ដើម្បីសម្ងំនៅក្នុងផ្ទះដោយមិនចាំបាច់ចេញទៅក្រៅ។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្ថានីយ៍ប៉ូលីស Nong Prue ដើម្បីចោទប្រកាន់ពីបទ «ឆ្លងដែន និងធ្វើការងារខុសច្បាប់»។ ជាមួយគ្នា អាជ្ញាធរកំពុងព្យាយាមតាមដានរក «មេខ្លោង» មានទាំងជនជាតិថៃ និងបរទេស ដែលនៅពីក្រោយខ្នងបណ្តាញល្បែងឆ្លងដែន ដែលកំពុងបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសថៃក្នុងនាមជាមជ្ឈមណ្ឌលទេសចរណ៍មួយនេះផងដែរ៕

ប្រភព៖ The Nation

Share.