កំពង់ស្ពឺ៖ អនុវត្ដតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត អភិបាលខេត្ដ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ លើបញ្ហាបង្រ្កាបគ្រឿងញៀន លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានធ្វើការចង្អុលណែនាំដាក់បញ្ជាដល់អធិការដ្ឋាននគរបាលក្រុង ស្រុក និងមូលដ្ឋានដាច់ខាតលើការអនុវត្ដគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដោយមានការចូលរួមពីមហាជន-ប្រជាពលរដ្ឋ គ្រប់ទិសទីក្នុងរួមចំណែកផ្ដល់ព័ត៌មានមកសមត្ថកិច្ចក្នុងការទប់ស្កាត់បង្រ្កាបបានទាន់ពេលវេលា។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយបានការដឹកនាំពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានចុះសហការដល់គោលដៅរាយការណ៍ នៅចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ឃាត់បានមុខសញ្ញាសង្ស័យការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ១នាក់ ឈ្មោះ សំ រស្មី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដោយពិនិត្យរកឃើញដកហូតបានវត្ថុតាង រួមមាន៖ ១-ម្សៅក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច សង្ស័យជាគ្រឿងញៀន ២-ទូរស័ព្ទដៃ ចំនួន ១គ្រឿង ៣-អាវុធ ប្រភេទ AK ចំនួន១ដើម បង់ចំនួន ១ និងមានគ្រាប់ចំនួន២៨គ្រាប់ (មិនមែនជាកម្មសិទ្ធិរបស់ជនខាងលើ សមត្ថកិច្ចបន្ដការស្រាវជ្រាវ)។

ផ្អែកតាមចម្លើយ និងភស្ដុតាង ជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបន្ដចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កណ្តាល

