បន្ទាយមានជ័យ៖ ទណ្ឌិត និងពិរុទ្ធជនផុតអាជ្ញាយុកាលនៃបណ្តឹងសរុបចំនួន ២២៤នាក់ ក្នុងនោះស្រី ១៦នាក់ ត្រូវបានអាជ្ញាធរពន្ធនាគារខេត្តបន្ទាយមានជ័យ ផ្ទេរទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែចំនួន ៣គោលដៅ ដើម្បីរំដោះភាពចង្អៀតណែនក្នុងពន្ធនាគារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ អនុវត្តក្រោមការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការសហការរវាងអង្គភាពពន្ធនាគារ នាយកដ្ឋានសន្តិសុខពន្ធនាគារ នាយកដ្ឋានប្រតិបត្តិ និងកម្លាំងនគរបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់លោក មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ។

យោងតាមការបែងចែក ទណ្ឌិតទាំងនេះត្រូវបានផ្ទេរទៅ៖ មណ្ឌលអប់រំកែប្រែទី១ (ព្រៃស) ចំនួន ១នាក់ ជនជាតិរុស្ស៊ី, មណ្ឌលអប់រំកែប្រែទី២ ចំនួន ១៦នាក់ (ស្រី) ក្នុងនោះមានជនជាតិបរទេស ៥នាក់ និងមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ ចំនួន ២០៧នាក់ ក្នុងនោះមានជនជាតិបរទេស ១៧នាក់។
អត្ថបទ៖ ចតុម្មុខ

