ប៉ូលីសកូរ៉េខាងត្បូងបានចាប់បញ្ជូនខ្លួនបុគ្គលដែលគេសង្ស័យថាជា «មេខ្លោងគ្រឿងញៀន» ម្នាក់ដែលរងការចោទប្រកាន់ពីបទដឹកនាំបណ្តាញជួញដូរគ្រឿងញៀន ចេញពីក្នុងពន្ធនាគារនៃប្រទេសហ្វីលីពីនត្រលប់ទៅកាន់ប្រទេស​កំណើត​វិញ។

លោក Park Wang-yeol ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល៦០ ឆ្នាំ ពីបទឃាតកម្មលើមនុស្ស ៣ នាក់ត្រូវបានបញ្ជូនតាមយន្តហោះមកកាន់ប្រទេសកូរ៉េខាងត្បូងវិញកាលពីថ្ងៃពុធ ក្រោមរូបភាព «​បត្យា​ប័ន​បណ្តោះ​អាសន្ន» បន្ទាប់ពីប្រធានាធិបតី លោក LeeJae-myung ក្នុងកិច្ចប្រជុំកំពូលកាលពីដើមខែ មីនា បានស្នើសុំផ្ទាល់ទៅកាន់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr ដើម្បីផ្ទេរបុគ្គលរូបនេះ មកប្រទេសវិញ។

មន្ត្រីក្រសួងការបរទេសនិងយុត្តិធម៌នៅទីក្រុងសេអ៊ូល បានឱ្យដឹងថាលក្ខខណ្ឌបណ្តោះអាសន្នក្រោមសន្ធិសញ្ញារវាងប្រទេសទាំងពីរគឺតម្រូវឱ្យផ្អាកការអនុវត្តទោសនៅក្នុងប្រទេសហ្វីលីពីនសិនដើម្បីអនុញ្ញាតឱ្យជនសង្ស័យរូបនេះរងការស៊ើបអង្កេតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថាលោក Park ដែលគេជឿថាមានអាយុ៤៧ ឆ្នាំ បានដំណើរការបណ្តាញរត់ពន្ធគ្រឿងញៀនខុសច្បាប់ក្នុង «បរិមាណដ៏ច្រើនសន្ធឹកសន្ធាប់» និងបានឃុបឃិតជាមួយបក្សពួកនៅក្នុងប្រទេសដើម្បីចែកចាយគ្រឿងញៀនទាំងនោះ។

ទោះបីជាក្រសួងយុត្តិធម៌និងប៉ូលីសបដិសេធមិនធ្វើអត្ថាធិប្បាយលើទំហំ ឬតម្លៃនៃការជួញដូរគ្រឿងញៀនរបស់លោក Park ក៏ដោយប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថារូបគេបានចែកចាយថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ឬ ម៉ាទឹកកក) ប្រហែល ៦០គីឡូក្រាមក្នុងមួយខែ ដែលមានតម្លៃទីផ្សារប្រហែល ៣០ ពាន់លានវ៉ុន (ឬស្មើនឹង ២០លានដុល្លារ)។

ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងជាលំដាប់ទោះបីជាមានគោលនយោបាយប្រឆាំងគ្រឿងញៀនយ៉ាងតឹងរ៉ឹង និងការបង្រ្កាបលើការនាំចូលនិងការលក់គ្រឿងញៀនខុសច្បាប់ក៏ដោយ។ ប្រធានាធិបតី Lee បានថ្លែងអំណរគុណដល់លោក Marcos សម្រាប់ការធ្វើបត្យាប័នលោក Park ដោយបានមានប្រសាសន៍ថា ប្រទេសជាតិ «នឹងដេញតាមចាប់ខ្លួនជនណាដែលបង្កគ្រោះថ្នាក់ដល់ប្រទេសឱ្យដល់ទីបំផុតនៃផែនដី»។

ក្រសួងការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថាវាជារឿងសំខាន់ក្នុងការធានាថា លោក Parkត្រូវប្រឈមមុខនឹងការស៊ើបអង្កេតនិងការកាត់ទោសនៅក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីកុំឱ្យសកម្មភាពខុសច្បាប់របស់គេក្នុងអំឡុងពេលជាប់ឃុំនៅបរទេសក្លាយជាគំរូអាក្រក់សម្រាប់ឧក្រិដ្ឋជនដទៃទៀតដែលចង់ធ្វើតាម។

មន្ត្រីក្រសួងយុត្តិធម៌លោក Lee Ji-yeon និងមន្ត្រីប៉ូលីស លោក Yoo Seung-ryeol បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថាលោក Park ធ្លាប់បានលួចរត់ចេញពីពន្ធនាគារហ្វីលីពីនចំនួន ២ ដងដោយឆ្លៀតឱកាសពីការត្រួតពិនិត្យអ្នកទោសមិនបានល្អដែលអនុញ្ញាតឱ្យអ្នកទោសមួយចំនួនប្រើប្រាស់ទូរស័ព្ទដៃដែលលួចបញ្ចូលទៅក្នុងពន្ធនាគារដើម្បីបន្តសកម្មភាពខុសច្បាប់។

ខណៈដែល​ Reuters បានបញ្ជាក់​ច្បាស់ៗថា គិតត្រឹមពេលនេះមន្ត្រីរដ្ឋាភិបាលហ្វីលីពីន នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ៕

Share.