កំពង់ធំ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំយុទ្ធសាស្ត្រខ្សែទស្សនាចរណ៍អន្តរខេត្ត ដែលភ្ជាប់ខេត្តចំនួន៦ រួមមាន សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនជាង ១០០នាក់។

សិក្ខាសាលារយៈពេល២ថ្ងៃនេះ មានគោលបំណងប្រមូលមតិយោបល់ពីគ្រប់ភាគី ដើម្បីកែលម្អ និងរៀបចំ “កញ្ចប់ទស្សនកិច្ចទេសចរណ៍” ឱ្យឆ្លើយតបនឹងស្ថានភាពជាក់ស្តែង និងអាចទាក់ទាញភ្ញៀវបានពិតប្រាកដ។ លទ្ធផលរំពឹងទុក គឺភ្ជាប់ខេត្តទាំង៦ ឱ្យក្លាយជាគោលដៅទស្សនកិច្ចតែមួយក្នុងតំបន់ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងវិស័យទេសចរណ៍កម្ពុជា។

ការរៀបចំខ្សែទស្សនាចរណ៍នេះ អនុវត្តតាមគោលនយោបាយរដ្ឋាភិបាល និងប្រសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដោយយកខេត្តសៀមរាបជាគោលដៅស្នូល និងខេត្តជុំវិញជាគោលដៅគាំទ្រ សំដៅពង្រីកសេដ្ឋកិច្ច បង្កើនការស្នាក់នៅរបស់ភ្ញៀវ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

មុនពិធីបើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះសិក្សាសក្តានុពលទេសចរណ៍ និងជីវភាពប្រជាសហគមន៍នៅតំបន់សំបូរព្រៃគុក រួមទាំងតំបន់បឹងប្រាំង ផ្ទះស្នាក់សហគមន៍ ផ្ទះតម្បាញ និងផ្សារសហគមន៍ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់៕

អត្ថបទ៖ កំពង់ធំ

Share.