ភ្នំពេញ៖ បុរសជាអ្នកជួលបន្ទប់ស្នាក់នៅម្នាក់ បានយកកាំបិតចុងស្រួចដេញចាក់ទៅលើបុរសវ័យចំណាស់ម្នាក់ជាម្ចាស់ផ្ទះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីអ្នករស់នៅផ្ទះជួលក្បែរគ្នាបានឲ្យដឹងថា បុរសជាជនសង្ស័យមកជួលបន្ទប់ស្នាក់នៅជាមួយប្រពន្ធនិងកូនរយៈពេលជិត១០ឆ្នាំមកហើយ រួចតែងតែផឹកស៊ីរំខានដល់អ្នកជួលបន្ទប់ក្បែរគ្នាជាច្រើនដង ខណៈម្ចាស់ផ្ទះតែងតែដើរទៅប្រាប់បុរសជនសង្ស័យជាច្រើនលើក ថាកុំឲ្យមាត់ឡូឡាពេក ព្រោះរំខានដល់អ្នករស់នៅបន្ទប់ជួលក្បែរគ្នា លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យជាជនដៃដល់បានផឹកស៊ី ស្រែកឡូឡាម្តងទៀត ភ្លាមនោះដែរ ម្ចាស់ផ្ទះក៏បានដើរទៅប្រាប់ម្តងទៀត ថាកុំឲ្យមាត់ខ្លាំងពេកព្រោះរំខានដល់អ្នកជួលបន្ទប់ក្បែរគ្នា ធ្វើឲ្យជនសង្ស័យកើតជាកំហឹងរត់ទៅទាញកាំបិតចុងស្រួចដេញចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតត្រង់ពោះបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ហើយជនសង្ស័យក៏បានបោះកាំបិតចោលរួច រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ សហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពិនិត្យ និងធ្វើកោសល្យវិច័្ចយសព រួចធ្វើកំណត់ហេតុសពប្រគល់អោយទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនដៃដល់ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទ៖ សេង សាវី

Share.