តាកែវ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានផ្សែងហុយខ្លាំងចេញពីបំពង់ផ្សែងរោងចក្រ មួយកន្លែង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក ឆយ ម៉ុនលី ប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះពិនិត្យរោងចក្រ អេស៊ាលីជេនខ្លូស៊ីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស។

តាមការត្រួតពិនិត្យ រោងចក្រនេះបានដំណើរការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានកម្មករសរុប ៦៨០នាក់ ក្នុងនោះស្រ្តី ៤៥៥នាក់ និងជនជាតិចិន ១៣នាក់។

តាមការបញ្ជាក់ពីមន្ត្រីជំនាញក៏បានបញ្ជាក់ថា រោងចក្រខាងលើ បានអនុវត្តត្រឹមត្រូវតាមនីតិវិធីបរិស្ថាន ដោយមានកិច្ចសន្យាគ្រប់គ្រងសំណល់ជាមួយក្រុមហ៊ុន សារុំត្រេឌីង និងមានលិខិតអនុញ្ញាតពាក់ព័ន្ធពីក្រសួងបរិស្ថាន។

ក្នុងការត្រួតពិនិត្យកន្លែងឡចំហាយ មិនបានរកឃើញកំទេចក្រណាត់ ឬសំណល់ឧស្សាហកម្មនៅក្បែរឡនោះទេ មានតែអុសសម្រាប់ដុតប៉ុណ្ណោះ។ ទោះយ៉ាងណា មន្ទីរបរិស្ថានបានណែនាំឲ្យរោងចក្រ មិនត្រូវដុតកំទេចក្រណាត់ឡើយ និងត្រូវប្រើអុសស្ងួត ដើម្បីកាត់បន្ថយការបង្កផ្សែងខ្លាំង ប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ៕

អត្ថបទ៖ ចតុម្មុខ

Share.