កំពង់ធំ៖ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានជំរុញ និងលើកទឹកចិត្តដល់យុវជន ឱ្យខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព និងគោរពតម្លៃប្រពៃណីជាតិឱ្យបានខ្ពស់ ដោយបានលើកឡើងថា វប្បធម៌គឺជាដើមកំណើតនៃអត្តសញ្ញាណជាតិ។

ការលើកឡើងនេះធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា នៅសាលប្រជុំប្រាសាទសំបូរព្រៃគុក នៃរដ្ឋបាលខេត្តកំពង់ធំ។

ឯកឧត្តម ហាន កុសល បានបញ្ជាក់ថា ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិត មនុស្សម្នាក់ត្រូវមានកត្តាសំខាន់ ៤ រួមមាន ចំណេះដឹង ជំនាញជាប់សីលធម៌ សុខភាពល្អ និងមូលធនមនុស្ស ដែលជាគន្លឹះសម្រាប់អភិវឌ្ឍខ្លួន និងសង្គមជាតិឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្ដាំផ្ញើឱ្យយុវជន បន្តស្រាវជ្រាវ ច្នៃប្រឌិត និងចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ជាតិ ដោយសិល្បៈគឺជាកញ្ចក់បង្ហាញអរិយធម៌សង្គម ហើយការសិក្សាមិនត្រឹមតែសម្រាប់អនាគតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែករក្សាអត្តសញ្ញាណជាតិផងដែរ។

ដោយឡែក លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានឲ្យដឹងថា មន្ទីរបានបង្កើតស្នាដៃសិល្បៈទស្សនីយភាពថ្មីចំនួន ៣៤ ស្នាដៃ និងទទួលបានជោគជ័យល្អប្រសើរនៅថ្នាក់ជាតិ ក្នុងនោះ របាំ «កួយស្លដែកត្រឡែកកំពង់ធំ» និងល្ខោនបាសាក់ «ដាវដែកកំពង់ស្វាយ» ទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។

លោកបន្តថា ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ មន្ទីរបានរៀបចំការសម្ដែងសិល្បៈជាប្រចាំនៅសួនច្បារស្ទឹងសែន និងបន្តបណ្តុះបណ្តាលជំនាញសិល្បៈដល់យុវជននៅតាមសាលារៀន និងសហគមន៍ ដើម្បីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិឱ្យកាន់តែរីកចម្រើន៕

អត្ថបទ៖ កំពង់ធំ

Share.