កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកូរ៉េទ្រុងដឹកគ្រាប់ស្វាយចន្ទី អ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតឆ្លងផ្លូវទៅបុករះអ្នកកំពុងដើរថ្មើរជើងទៅបុណ្យនៅវត្ត បណ្តាលឱ្យស្លាប់៥នាក់ ក្មេង៣នាក់ ចាស់២នាក់ កាលពីវេលាម៉ោង៨:៣០នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៦ ក្នុងភូមិជាយស្បែ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ក កូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បើកបរដោយ ឈ្មោះ វេង គ្រឹស្នា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ចំណែកជនរងគ្រោះស្លាប់ទាំង៥នាក់ ស្រីទាំងអស់៖ ទី១ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ, ទី២ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ឆ្នាំ, ទី៣ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ (ទាំង៣នាក់យាយនិងចៅ គ្រួសារតែមួយ), ទី៤ ឈ្មោះ គង់ គី ភេទស្រី អាយុ៧៣ឆ្នាំ, និងទី៥ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ រស់នៅភូមិកើតហេតុ (ទាំង២នាក់យាយនិងចៅ ជាគ្រួសារតែមួយ)។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កដឹកគ្រាប់ស្វាយចន្ទី បើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ដោយអ្នកបើកបរងងុយដេក ងោកមួយភាំង រេចង្កូតឆ្លងផ្លូវទៅបុករះជនរងគ្រោះយាយចៅ៥នាក់ បណ្តាលឱ្យស្លាប់នៅកន្លែង៤នាក់ ឯម្នាក់ទៀតឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យ។
បើតាមក្រុមគ្រួសារបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ សុទ្ធតែបងប្អូនយាយនិងចៅ រស់នៅផ្ទះ២ផ្សេងគ្នាក្នុងភូមិខាងលើ បាននាំគ្នាដើរថ្មើរជើងទៅបុណ្យផ្កាសាមគ្គី នៅវត្តគិរីសុខសាន្ត ហៅវត្តជាយស្បៃ ស្រាប់តែរថយន្តបង្ករេចង្កូតមកបុករះតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យស្លាកស្នាម ធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត និងអ្នកបើកបរ សមត្ថកិច្ចនាំយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

