ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ក្មួយៗជាបេក្ខជនប្រឡងចូលបម្រើការងារនៅក្នុងក្របខណ្ឌមន្ត្រីពន្ធនាគារ ត្រូវពឹងផ្អែកលើសមត្ថភាពខ្លួនទាំងស្រុង មិនអាចមានអន្តរាគមន៍ណាបានឡើយ ពោលចេះគឺជាប់។

ក្នុងពេលអញ្ជើញចូលរួមកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ 2026 នេះ នៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ នាព្រឹកថ្ងៃទី 29 ខែមីនា ឆ្នាំ2026 នេះ។ ឯកឧត្តមអភិបាលខេត្តលើកឡើងថា ជាគោលការណ៍ដើម្បីពង្រឹងធនធានមនុស្សពិតប្រាកដរបស់ក្រសួងមហាផ្ទៃ ជាពិសេសរាជរដ្ឋាភិបាល ការប្រឡងនេះមិនអាចពឹងទៅលើខ្សែខ្នងបង្អែកណាមកជួយអន្តរាគមន៍ក្រៅពីសមត្ថភាពខ្លួនឯងបានឡើយ។ ពោលគឺអ្នកចេះគឺត្រូវតែជាប់ សំដៅធ្វើយ៉ាងណាឲ្យមានតម្លាភាព និងសុក្រឹតយុត្តិធម៌សម្រាប់ក្មួយៗជាបេក្ខជនគ្រប់រូប។ ដូច្នេះយើងត្រូវពង្រឹងស្មារតី កុំមានការព្រួយបារម្ភភ័យខ្លាច ត្រូវបញ្ចេញឲ្យអស់សមត្ថភាព ធ្វើឱ្យបានល្អដើម្បីទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ខ្លួនយើងផ្ទាល់ ឈានទៅបម្រើការងារជូនអង្គភាពជូនជាតិ និងប្រជាជនប្រកបដោយប្រសិទ្ធភាព ជាមួយនឹងកិត្តិយសគ្រួសារអនាគតខ្លួនឯងផងដែរ។

សូមបញ្ជាក់ថា សម្រាប់មណ្ឌលប្រឡងខេត្តពោធិ៍សាត់មានបេក្ខជនសរុប 191នាក់ ស្មើហ្នឹង 9បន្ទប់ ក្នុងនោះសម្រាប់បម្រើការនៅពន្ធនាគារខេត្តពោធិ៍សាត់ចំនួន 116នាក់ ពន្ធនាគារខេត្តកំពង់ឆ្នាំងចំនួន 56នាក់ មណ្ឌលអប់រំកែប្រែទី 4ចំនួន 19នាក់ ដែលប្រឡងលើវិញ្ញាសាចំណេះដឹងទូទៅនិងចំណេះដឹងវិស័យពន្ធនាគារ៕

អត្ថបទ៖ ភ្នាក់ងារខេត្តពោធិ៍សាត់

Share.