សុរិន្ទ៖ រាប់ថាជារឿងអាម៉ាស និងជារឿងមួយហួសចិត្តសម្រាប់អ្នកមានសទ្ធាជ្រះថ្លា នៅពេលដែលផ្ទុះចេញករណីលោកសង្ឃដាច់សីល ម្នាក់នៅខេត្តសុរិនហ៊ានដឹកស្រីស្នេហ៍ដើរលេងលម្ហែកាយកណ្ដាលរាត្រី ប៉ុន្តែចៃដន្យអាក្រក់ត្រូវបានសមត្ថកិច្ចឃាត់ដើម្បីពិនិត្យរកជាតិអាកុល ទើបបែកការដឹងថាជាសង្ឃលួចប្រព្រឹត្តិខុសធម៌វិន័យ។

ថ្មីៗនេះ ប្រទេសថៃនៅតែឈានមុខគេករណីព្រះសង្ឃធ្វើខុសធម៌វិន័យ លួចលាក់ចិញ្ចឹមស្រីស្នេហ៍ ក្រោយបួសរួចប្រើប្រាស់ស្បង់ចីវរ ដើម្បីជាខែលបិទបាំង ទង្វើថោកទាប បំពានទាំងច្បាប់រដ្ឋ និងវិន័យសាសនា ដូចជាករណីទើបតែផ្ទុះល្បីនាពេលថ្មីៗនេះ ដែលសមត្ថកិច្ចនគរបាលថៃឃាត់រថយន្តមួយគ្រឿងដើម្បីពិនិត្យជាតិអាកុល តែបែរជាចាប់បានព្រះសង្ឃពាក់សក់ ក្លែងក្លាយបន្លំខ្លួន ជាគ្រហស្ថ ដើម្បីដឹកកំដរស្រីស្នេហ៍ដើរលេង។

ព្រះសង្ឃដែលធ្វើខុសធម៌វិន័យយ៉ាងធ្ងន់ធ្ងររូបនេះមានឈ្មោះថា ឈ្មោះ សុភៈ វ៉ាត់ (Suphawat) អាយុ ៤២ឆ្នាំ បានព្យាយាមពាក់សក់វែងបន្លំបិទបាំងអត្តសញ្ញាណ ប៉ុន្ដែការស្រវឹងស្រាជោគជាំមិនអាចលាក់បាំងបានឡើយ ដោយលទ្ធផលតេស្ដជាតិអាល់កុលបង្ហាញកម្រិតខ្ពស់រហូតដល់ ០.០៧៩%។ ក្រោយឃាត់តេស្តជាតិអាល់កុល សមត្ថកិច្ចរកឃើញភាគីជាស្រ្តីម្នាក់ទៀតនៅក្នុងរថយន្ដ រួមទាំងរកឃើញកាំភ្លើងខ្លី ៩មីលីម៉ែត្រ ១ដើម និងគ្រាប់រំសេវដែលលាក់ក្នុងកាបូបស្ពាយមួយ រួមទាំងប្រាក់ចំនួន ១២៣,៨១៤បាត។

រឿងមិនបែកធ្លាយនោះឡើយ ប្រសិនបើនៅក្នុងរថយន្ដនគរបាលមិនបានរកឃើញស្បង់ចីវរ និងសម្ភារៈប្រើប្រាស់សម្រាប់ព្រះសង្ឃមួយចំនួនទៀត ដែលបង្ហាញថា តាមពិតអ្នកបើកបរដែលស្រវឹងស្រាខាងលើនេះ គឺជាព្រះសង្ឃគង់នៅវត្តមួយកន្លែងក្នុងស្រុក Tha Tum។

មែនទែនទៅ ទង្វើរបស់បុគ្គលឈ្មោះ សុភៈវ៉ាត់ មិនមែនគ្រាន់តែជាការឆ្គាំឆ្គងវិន័យធម្មតានោះទេ តែវាគឺជារឿងខ្វះសីលធម៌បំផុត។ ការបន្លំខ្លួនពាក់សក់ក្លែងក្លាយដើរលេងយប់ជាមួយស្រីកំណាន់ និងមានអាវុធជាប់ខ្លួន បង្ហាញថា គេមិនមែនជាអ្នកបួសដើម្បីស្វែងរកធម៌វិន័យឡើយ តែបួសដើម្បីកេងចំណេញពីសទ្ធារបស់ពលរដ្ឋ និងយកប្រាក់ពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទទៅប្រព្រឹត្តអំពើបាប។

យ៉ាងណាម៉ិញ នេះមិនមែនជាករណីទី១ នោះទេ កន្លងមកមានករណីព្រះសង្ឃថៃម្នាក់ទៀតព្យាយាមចូលទិញស្រាបៀរទាំងគ្រងស្បង់ចីវរនៅតាមផ្សារម៉ាត ដែលកំពុងល្បីលើបណ្តាញសង្គម គឺជាសញ្ញាអាសន្នបញ្ជាក់ពីភាពធូររលុងនៃការគ្រប់គ្រងវិន័យសង្ឃថៃ។ ប្រសិនបើស្ថាប័នពាក់ព័ន្ធមិនមានវិធានការណ៍បោសសម្អាត ឱ្យបានតឹងរ៉ឹងទេនោះ សាសនានឹងក្លាយទៅជាកន្លែងជ្រកកោនរបស់ពួកឧក្រិដ្ឋជន និងជនបោកប្រាស់ទាំងនោះមិនខាន។

ទោះជាយ៉ាងណា បុគ្គលនេះត្រូវតែទទួលទោសទណ្ឌតាមច្បាប់រដ្ឋឱ្យធ្ងន់ធ្ងរបំផុតចំពោះការកាន់កាប់អាវុធខុសច្បាប់ និងការបើកបរក្នុងស្ថានភាពស្រវឹង ហើយស្ថាប័នសង្ឃត្រូវតែបណ្តេញបុគ្គលប្រភេទនេះចេញជាដាច់ខាត ដើម្បីកុំឱ្យទង្វើស្មោករោគនេះ ឆ្លងរាលដាលបំផ្លាញសេចក្តីថ្លៃថ្នូររបស់សង្ឃដទៃទៀតដែលលោកខំប្រតិបត្តិល្អ៕

ប្រភព៖ The Thaiger

Share.