រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺជាសាធារណៈពាក់ព័ន្ធនឹងការអនុវត្តវិន័យកម្រិតធ្ងន់ដោយបណ្តេញឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ទាប់ពីបុគ្គលរូបនេះបានប្រព្រឹត្តល្មើសវិន័យជាបន្តបន្ទាប់បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសស្ថាប័ន និងផលប្រយោជន៍ប្រជាពលរដ្ឋ។ទោះបីជាកន្លងមកអង្គភាពធ្លាប់បានផ្តល់ឱកាសឱ្យបុគ្គលរូបនេះកែប្រែកំហុសឆ្គងជាច្រើនលើកយ៉ាងណាក្តីប៉ុន្តែលោក ស៊ិន សុភា មិនត្រឹមតែមិនកែប្រែខ្លួននោះទេថែមទាំងបានបន្តសាងកំហុសថ្មីៗដែលមិនអាចលើកលែងបាន។

យោងតាមរបាយការណ៍ស្នងការដ្ឋានធ្លាប់បានផ្តល់ឱកាសឱ្យលោក ស៊ិន សុភាកែប្រែខ្លួនជាច្រើនលើកនៅការិយាល័យបុគ្គលិក ប៉ុន្តែរូបគេមិនព្រមកែប្រែនិងនៅតែបន្តប្រព្រឹត្តល្មើសវិន័យយ៉ាងធ្ងន់ធ្ងរ ដែលមានអង្គហេតុដូចខាងក្រោម៖

១. ការប្រើប្រាស់ឯកសណ្ឋានដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន (ឆ្នាំ២០២១)៖ លោក ស៊ិន សុភាបានប្រើប្រាស់ឯកសណ្ឋាន និងសញ្ញាស័ក្តិថតជាវីដេអូចម្រៀងបង្ហោះលើ Facebook និង TikTok ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលទង្វើនេះត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិដាក់ពិន័យវិន័យដោយបន្ថយឋានន្តរស័ក្តិចំនួន ១ ថ្នាក់។

២. ការរៀបចំគម្រោងទម្លាក់កំហុសលើមន្ត្រីរួមអាជីព (ខែកុម្ភៈ ឆ្នាំ២០២៤)៖ រូបគេបាននាំជនស៊ីវិលឱ្យចុះអនុវត្តការងារជំនាញនៅគោលដៅរបស់ខ្លួននិងបានរៀបចំឱ្យមានការផ្ទេរប្រាក់ផាកពិន័យក្លែងក្លាយ ដើម្បីទម្លាក់កំហុសឱ្យមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបក្តាន់ពីរ។លើសពីនេះ រូបគេបានបង្កើតផេកក្លែងក្លាយឈ្មោះ «គង់ម៉ូលីកា» ដើម្បីបង្ហោះព័ត៌មានមិនពិតវាយប្រហារលើមន្ត្រីនៅគោលដៅនោះថាមានភាពអសកម្មដែលធ្វើឱ្យសាធារណជនរិះគន់ស្ថាប័នយ៉ាងខ្លាំង។

៣. ការគំរាមទារប្រាក់ពីប្រជាពលរដ្ឋ(២៨ ធ្នូ ២០២៤)៖ លោកស៊ិន សុភា បានឃាត់រថយន្តល្មើសភ្លើងសញ្ញានៅស្តុបអូរបែកក្អមហើយបានប្រើសិទ្ធិអំណាចគាបសង្កត់ទារប្រាក់ពីម្ចាស់រថយន្ត។រូបគេបានបញ្ជាឱ្យមន្ត្រីនាំរថយន្តចេញពីគោលដៅដើម្បីងាយស្រួលដាក់សម្ពាធរហូតធ្វើឱ្យម្ចាស់រថយន្តឡើងតោងខាងក្រោយរថយន្ត បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរនិងមានការថតបង្ហោះលើបណ្តាញសង្គម។ ចំពោះករណីនេះរូបគេត្រូវបានដាក់ពិន័យព្រមានជាលាយលក្ខណ៍អក្សរ និងបន្ថយឋានន្តរស័ក្តិចំនួន ១ថ្នាក់បន្ថែមទៀត។

៤. ការទម្លាយឯកសារផ្ទៃក្នុងវាយប្រហារអង្គភាព (៣ កញ្ញា ២០២៥)៖ ដោយមានការថ្នាំងថ្នាក់ចិត្តជាមួយថ្នាក់ដឹកនាំដែលមិនដាក់ឈ្មោះឱ្យចុះគោលដៅលោក ស៊ិន សុភា បានលួចយកឯកសារផ្ទៃក្នុងរបស់អង្គភាពឱ្យទៅសារព័ត៌មានចុះផ្សាយក្នុងគោលបំណងវាយប្រហារ និងបង្ខូចឈ្មោះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ឆ្លងតាមសកម្មភាពល្មើសវិន័យដដែលៗនិងមានលក្ខណៈធ្ងន់ធ្ងរជាបន្តបន្ទាប់នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចអនុវត្តវិធានការដាច់ខាតតាមវិន័យរបស់កងកម្លាំងនគរបាលជាតិដោយបណ្តេញបុគ្គលរូបនេះចេញពីក្របខ័ណ្ឌជាស្ថាពរ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរនិងជំនឿទុកចិត្តពីសំណាក់មហាជនមកលើកងកម្លាំងនគរបាលជាតិទាំងមូល៕

អត្ថបទ៖ ត្រយង

Share.