តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាពេលថ្មីៗនេះបានឱ្យដឹងថា​អង្គការសុខភាពពិភពលោក (WHO) បានក្រើនរំលឹកអំពីការរកឃើញមេរោគបំប្លែងថ្មី ប្រភេទ BA.3.2 ដែលត្រូវបានដាក់ឈ្មោះក្រៅថា “Cicada” (ស៊ីកាដា)។ ការលេចចេញជាថ្មីនៃវ៉ារ្យ៉ង់ដែលជាកូនចៅរបស់ Omicron នេះ ជាការរំឭកយើងម្តងទៀតថា មេរោគនេះនៅតែបន្តវិវត្តន៍ ហើយត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត។

WHO បានចាត់ថ្នាក់វ៉ារ្យ៉ង់នេះនៅក្រោមការតាមដាន ដែលជាកម្រិតទាបបំផុត បើធៀបនឹងការចាត់ថ្នាក់ជាវ៉ារ្យ៉ង់គួរឱ្យព្រួយបារម្ភដូចពេលដែល Omicron ឬ Delta បានលេចចេញដំបូងៗ។ នេះបង្ហាញថា ទិន្នន័យបច្ចុប្បន្នមិនបានបង្ហាញថា “Cicada” មានសមត្ថភាពរីករាលដាលលឿនជាងមុន ឬបង្កឲ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ដើមឡើយ។

ចំពោះប្រទេសកម្ពុជា ព័ត៌មានដែលថាលេចឡើងនូវមេរោគនេះនៅមិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសនៅឡើយ។ ទោះយ៉ាងណា ក្នុងយុគសម័យសកលភាវូបនីយកម្ម ការធ្វើដំណើរអន្តរជាតិមានល្បឿនលឿន វ៉ារ្យ៉ង់ថ្មីអាចលេចឡើងនៅពេលណាមួយ។ ការដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រកាសថាកំពុងតាមដានយ៉ាងសកម្ម គឺជាវិធានការចាំបាច់ និងត្រឹមត្រូវ។ ទន្ទឹមនឹងនេះ ការបើកលេខទូរស័ព្ទ ១១៥ សម្រាប់ផ្តល់ព័ត៌មានបន្ថែម ក៏ជាការបង្ហាញពីតម្លាភាព និងការត្រៀមលក្ខណៈឆ្លើយតបរបស់ក្រសួងសុខាភិបាល។

ដោយឡែកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានរំលឹកដល់ពលរដ្ឋគ្រប់រូបមិនគួរធ្លាក់ចូលក្នុងភាពភ័យខ្លាចហួសហេតុ ដែលនាំឱ្យរង្គោះរង្គើសេដ្ឋកិច្ច ឬជីវភាពឡើយ។ ប៉ុន្តែក៏មិនត្រូវធ្វេសប្រហែសរហូតដល់ភ្លេចពីមេរៀនដែលយើងធ្លាប់ឆ្លងកាត់ដែរ។ វិធានការសុខភាពជាមូលដ្ឋានដូចជា ការលាងដៃជាប្រចាំ ការពាក់ម៉ាសនៅពេលមានរោគសញ្ញា ឬនៅកន្លែងដែលមានមនុស្សច្រើន និងការចាក់វ៉ាក់សាំងជំរុញ នៅតែជាខែលការពារដ៏មានប្រសិទ្ធភាពបំផុត។

ការរកឃើញវ៉ារ្យ៉ង់ “Cicada” គឺជាការរំឭកថា ជំងឺរាតត្បាតមិនទាន់បញ្ចប់ទាំងស្រុងនៅលើឆាកពិភពលោកនោះទេ។ អ្វីដែលយើងត្រូវធ្វើគឺរក្សាការប្រុងប្រយ័ត្នដោយឈ្លាសវៃ ជឿជាក់លើព័ត៌មានផ្លូវការ និងបន្តពង្រឹងភាពស៊ាំក្នុងសហគមន៍។ ការភ័យខ្លាចមិនមែនជាដំណោះស្រាយ ប៉ុន្តែការត្រៀមខ្លួន និងការទទួលខុសត្រូវរួមគ្នាវិញ ទើបជាគន្លឹះដែលអាចឱ្យយើងឆ្លងកាត់វិបត្តិសុខភាពសកលនេះប្រកបដោយសុវត្ថិភាព៕

Share.