នៅដើមឆ្នាំ ២០២៦ នេះ ទំនាយចាស់ៗរបស់លោកយាយ Baba Vanga ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមគាស់រំលឹកត្រលប់ រហូតមកក្លាយជាប្រធានបទក្តៅគគុកម្តងទៀតនៅលើបណ្តាញអនឡាញពាក់ព័ន្ធនឹងតម្លៃហាងឆេងមាសឆ្នាំ២០២៦ នេះតែម្ដង។ ត្បិតថាគ្រូទាយមាត់ទិព្ធពិការភ្នែកបានចែកឋានទៅហើយក្ដី ប៉ុន្តែពាក្យពេចន៍លោកយាយដែលទស្សទាយផ្សារភ្ជាប់ទៅនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក ហាក់បីដូចជាឆុតខ្លាំង ជាពិសេសនូវការព្រមានអំពីស្ថានភាពវិបត្តិហិរញ្ញវត្ថុពិភពលោក និងសង្គ្រាម។

នៅលើបណ្ដាញសង្គមបានចែករំលែកពីទំនាយរបស់លោកយាយ Baba Vanga នាពេលកន្លងមកដែលធ្លាប់បានលើកឡើងពីពេលវេលាដែលតម្លៃរូបិយប័ណ្ណផ្សេងៗជុំវិញពិភពលោក នឹងសាបរលាបតម្លៃបន្តិចម្តងៗ។ លោកយាយពិការភ្នែករូបនេះបានទាយថា នៅពេលដែលទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុបែបបុរាណចាប់ផ្តើមរង្គោះរង្គើ នោះវាបណ្តាលឱ្យប្រជាជន និងវិនិយោគិនងាកទៅកាន់កាប់ទ្រព្យសម្បត្តិដែលអាចប៉ះពាល់បាន និងមានតម្លៃក្នុងខ្លួនវាផ្ទាល់ដូចជា៖ មាស ប្រាក់ និងលោហៈធាតុមានតម្លៃផ្សេងៗ ដើម្បីរក្សាទ្រព្យសម្បត្តិរបស់ពួកគេ។
ទំនាយខាងលើនេះ ត្រូវបានមនុស្សគ្រប់គ្នាយល់ឃើញរៀងៗខ្លួនថា ហាក់ដូចជាស្របទៅនឹងបរិយាកាសសេដ្ឋកិច្ចនាចុងឆ្នាំ ២០២៥ បន្តរហូតដល់ដើមឆ្នាំ ២០២៦ ដែលទីផ្សារលោហៈមានតម្លៃប្រែប្រួលយ៉ាងខ្លាំង។ តម្លៃមាស និងប្រាក់បានហក់ឡើងខ្ពស់ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះរវាងប្រទេស និងភាពមិនច្បាស់លាស់នៃគោលនយោបាយហិរញ្ញវត្ថុពិភពលោក ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមិនតិចនាក់នោះទេបានចោទសួរថា តើនេះអាចជាសញ្ញាព្រមានតាមទំនាយមែនដែរឬទេ?
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគហិរញ្ញវត្ថុជាច្រើនបានយល់ឃើញថា ការហក់ឡើងនៃតម្លៃមាសគឺមានកត្តាមូលដ្ឋានគាំទ្រយ៉ាងច្បាស់លាស់ មិនថាជាទិសដៅអត្រាការប្រាក់ បន្ទុកបំណុលសាធារណៈរបស់ប្រទេសជាច្រើន រួមទាំងតម្រូវការទិញមាសទុកជាទុនបម្រុងពីធនាគារកណ្តាលជុំវិញពិភពលោកផងដែរ។ ពួកគេបានចង្អុលបង្ហាញថា ការយកព្រឹត្តិការណ៍ទីផ្សារទៅផ្សារភ្ជាប់នឹងទំនាយ អាចគ្រាន់តែជាលទ្ធផលនៃចិត្តវិទ្យាបង្អើលតាមគ្នា និងជានិន្នាការនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។
បើទោះបីជាទំនាយខាងលើនេះបានផ្សាភ្ជាប់ទៅនឹងសេដ្ឋកិច្ចពិភពលោកភាគច្រើនក៏ដោយ ប៉ុន្តែគេមិនអាចបដិសេធបានឡើយថា នៅក្នុងឆ្នាំ ២០២៦ នេះ ទ្រព្យសកម្មដូចជាមាស និងប្រាក់ បានត្រលប់មកទទួលបានការចាប់អារម្មណ៍ក្នុងនាមជាជម្រកសុវត្ថិភាពផ្នែកហិរញ្ញវត្ថុម្តងទៀត ចំពេលដែលភាពមិនច្បាស់លាស់នៃតម្លៃនៅតែបន្តគ្របដណ្តប់លើសេដ្ឋកិច្ចពិភពលោក៕

