នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានសេចក្តីសោកស្តាយ និងសូមធ្វើការបដិសេធយ៉ាងដាច់អហង្ការ ចំពោះការយកប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទៅបកស្រាយក្នុងចេតនាទុច្ចរិត បំភាន់សាធារណជនជុំវិញបញ្ហាខ្សែកោងព្រំដែន។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍សន្តិវិធីនិងការចរចាប្រកបដោយភាពចាស់ទុំ មូលដ្ឋានច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការប្រើប្រាស់យន្តការបច្ចេកទេស តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
អ្នកនាំពាក្យសូមបញ្ជាក់ថា ការចោទប្រកាន់ដែលថា កម្ពុជា “សុខចិត្តកាត់ដីឱ្យគេ” គឺជាការមួលបង្កាច់ខុសពីការពិតទាំងស្រុង។ ផ្ទុយទៅវិញ ក្នុងករណីដែលការវាស់វែងជាក់ស្តែងរកឃើញថាមានការកាន់កាប់រំលោភលើខ្សែបន្ទាត់ព្រំដែន ភាគីទាំងពីរត្រូវមានភារកិច្ចប្រគល់ដីឱ្យគ្នាទៅវិញទៅមកតាមបន្ទាត់ដែលច្បាប់ទទួលស្គាល់ ដើម្បីធានាបាននូវ ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ ហើយនឹងមិនទទួលយកជាដាច់ខាតនូវរាល់ការកំណត់ព្រំដែនណាដែលធ្វើឡើងដោយឯកតោភាគី ឬរំលោភលើអធិបតេយ្យជាតិ។
ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ បានអំពាវនាវដល់សាធារណជន មេត្តាកុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានចរិតនយោបាយក្នុងបំណងបង្កឱ្យមានភាពវឹកវរក្នុងសង្គម និងប៉ះពាល់ដល់កិច្ចការព្រំដែនដ៏មានសារៈសំខាន់របស់ជាតិ៕

