បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញលិខិតអញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស កើតថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០០៦ ដែលជាម្ចាស់កម្មសិទ្ធរថយន្តម៉ាក MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឲ្យចូលខ្លួនមកបំភ្លឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់៦នាក់។


គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី យប់លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៤៦-២៤៧ ស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។



តាមរបាយការណ៍សមត្ថកិច្ច រថយន្តខាងលើបានបើកក្នុងល្បឿនលឿន ពីទិសភ្នំពេញទៅបាត់ដំបង ហើយបានបុករះពីក្រោយម៉ូតូចំនួន២គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យស្លាប់ចំនួន៦នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ក្រោយកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួន។


បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្ត និងកំពុងបន្តស្រាវជ្រាវបន្ថែម ដើម្បីកំណត់អត្តសញ្ញាណអ្នកបើកបរពិតប្រាកដ និងនាំខ្លួនមកទទួលខុសត្រូវតាមច្បាប់។ បច្ចុប្បន្ន វត្ថុតាងពាក់ព័ន្ធត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំបុណ្យតាមប្រពៃណី។





