ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានចេញបទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ស្រាវជ្រាវយ៉ាងហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតា និងម្នាក់ទៀតរងរបួសធ្ងន់។

ករណីនេះ បានបង្កឲ្យមានការចាប់អារម្មណ៍ និងការព្រួយបារម្ភពីសាធារណជន ជាពិសេសការសង្ស័យថា អ្នកបង្កអាចគេចផុតពីទោស ដោយសារតែមានបណ្តាញទំនាក់ទំនង។

ជាមួយគ្នាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងបានបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់វិធានការស្រាវជ្រាវយ៉ាងតឹងរឹង ដើម្បីរកឲ្យឃើញអ្នកបើកបរពិតប្រាកដ និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

យោងតាមរបាយការណ៍សមត្ថកិច្ច គ្រោះថ្នាក់នេះបានកើតឡើងវេលាម៉ោង ២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ២៤៦-២៤៧ ស្ថិតនៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រថយន្តបង្ក បានបើកក្នុងល្បឿនលឿនពីទិសភ្នំពេញ ទៅបាត់ដំបង ហើយបានបុកពីក្រោយម៉ូតូចំនួន ២គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា។

បន្ទាប់ពីបង្កហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន ខណៈសមត្ថកិច្ចបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តរួចហើយ និងកំពុងបន្តស្រាវជ្រាវ ដើម្បីនាំខ្លួនអ្នកបើកបរពិតប្រាកដមកទទួលខុសត្រូវតាមច្បាប់។ បច្ចុប្បន្ន វត្ថុតាងពាក់ព័ន្ធ ត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំបុណ្យតាមប្រពៃណី។

ក្នុងឱកាសដដែល ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក៏ដូចជាបានរំលឹកថា ការបើកបរក្រោមឥទ្ធិពលស្រា ឬមិនគោរពច្បាប់ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ នឹងត្រូវទទួលទោសយ៉ាងតឹងរឹង ដោយគ្មានការលើកលែងឡើយ។

ជាមួយគ្នានេះ អាជ្ញាធររាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបានណែនាំឲ្យពង្រឹងការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលធ្វើដំណើរទៅស្រុកកំណើត និងទេសចរណ៍ក្នុងឱកាសបុណ្យខាងមុខ។

Share.