ទើបតែកើតឡើងថ្មីៗ និងហុយៗ នៅក្នុងសង្គមរស់នៅរបស់ប្រជាជនថៃ ដោយហេតុការណ៍ឃាតកម្មដ៏សាហាវឃោរឃៅមួយត្រូវបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែមីនា ស្ដីពីការស្លាប់របស់កុមារាម្នាក់វ័យ៣ខួប ដោយសារតែស្នាដៃរបស់់ឪពុកចុង។ ករណីឃាតកម្មរបស់កុមារារូបនេះ ទទួលរងនូវមតិរិះគន់ច្រើន ព្រោះតែសកម្មភាពរបស់សមត្ថកិច្ចមានភាពយឺតយ៉ាវធ្វើឱ្យជនសង្ស័យមានឱកាសបានរត់គេចខ្លួនបាត់ស្រមោល។


កុមាររងគ្រោះមានឈ្មោះពិតថា ភូផា ត្រូវបានគេប្រទះឃើញស្លាប់ក្នុងស្ថានភាពដ៏អាក្រក់បំផុតមួយដែលពិបាកនឹងទទួលយកបាន។ នៅក្នុងរបាយការណ៍របស់សមត្ថកិច្ចបានពិពណ៌នាថា សាកសពតូចប្រឡាក់ដោយឈាម និងស្នាមរបួសជាំខ្មៅពេញរាងកាយ ដែលជាភស្តុតាងនៃអំពើហិង្សាដ៏យូរអង្វែង។ អ្វីដែលរឹតតែខ្លោចចិត្តនោះ គឺសាកសពកុមារមានស្នាមរលាកខ្លោចនៅលើស្បែកដែលបណ្តាលមកពី ការយកបារីមកអុចកៀបលើសាច់ ដែលជាទង្វើអមនុស្សធម៌បំផុតដែលមនុស្សសតិល្អមិនអាចធ្វើបាន។
ជីដូនក្មេងរងគ្រោះបានទម្លាយទាំងទឹកភ្នែកថា គាត់ធ្លាប់បានដឹងពីការធ្វើទារុណកម្មនេះ ប៉ុន្តែនៅពេលសួរនាំទៅកាន់ស្រ្តីជាម្ដាយឈ្មោះ Jiraphan (ជីរ៉ាផាន់) បែរជាត្រូវបាននាងស្តីបន្ទោសត្រឡប់មកវិញ និងព្យាយាមលាក់បាំងទង្វើថោកទាបរបស់ប្តីក្រោយខ្លួន។ ភាពអាត្មានិយម និងការខ្វះមនសិការជាម្ដាយ បានក្លាយជាច្រកទ្វារបើកឱ្យឃាតករមានឱកាសផ្ដាច់ជីវិតកុមាររូបនេះ កាលពីយប់ថ្ងៃទី ២៥ ខែមីនា ខណៈដែលនាងចេញទៅធ្វើការវេនយប់។


អ្វីដែលគួរឱ្យរន្ធត់ និងស្លុតចិត្តនោះ ក្មេងតូចទើបតែប្ដូរមករស់នៅជាមួយម្ដាយនិងឪពុកចុងបាន១០ថ្ងៃបុណ្ណោះមុននឹងអស់ជីវិត ព្រោះកន្លងមកកុមារាភូផា រស់នៅជាមួយនឹងជីដូន។ នេះបើតាមការរៀបរាប់បញ្ជាក់បន្ថែមពីសំណាក់ជីដូន។
គួររំលឹកថា កាលពីយប់ថ្ងៃទី ២៥ ខែមីនា ម្ដាយក្មេងរងគ្រោះបានទុកកូនឱ្យនៅជាមួយឪពុកចុង ដើម្បីទៅធ្វើការវេនយប់។ លុះដល់ព្រឹកឡើងម៉ោង ៥ព្រឹក បុរសជាប្តីបានទូរស័ព្ទប្រាប់ថា ក្មេងក្អួត បន្ទាប់មកក៏មានអាការៈប្រកាច់ និងដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់ស្នាក់នៅ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

បច្ចុប្បន្ន មូលនិធិ Pavena កំពុងសហការជាមួយសមត្ថកិច្ច ដើម្បីជំរុញឱ្យមានការធ្វើកោសល្យវិច័យសាកសពយ៉ាងហ្មត់ចត់បំផុត។ ចំណែកឯកម្លាំងនគរបាល កំពុងដុតដៃដុតជើងតាមស្វែងរកចាប់ខ្លួនឪពុកចុងដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ ចំពោះម្តាយរបស់ក្មេងវិញ សមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ថែមថា តើគាត់មានចេតនាជួយលាក់បាំងទោសកំហុសរបស់ប្តី ឬយ៉ាងណា។

យ៉ាងណាម៉ិញ ករណីនេះបានក្លាយជាដំបៅមហារីកថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអសមត្ថភាពនៃប្រព័ន្ធការពារកុមារ និងសន្តិសុខសង្គមនៅក្នុងប្រទេសថៃ ដែលជារឿយៗតែងតែបណ្តោយឱ្យជនល្មើសមានឱកាសគេចខ្លួនក្រោយបង្កសោកនាដកម្ម។ ប្រសិនបើប្រព័ន្ធសន្តិសុខថៃ នៅតែបន្តភាពយឺតយ៉ាវបែបនេះ យុត្តិធម៌សម្រាប់កុមារា ភូផា អាចនឹងត្រូវរលាយសាបសូន្យ ហើយជនបង្កនឹងនៅតែបន្តដើរហើរដោយសេរីក្នុងសង្គម៕

