ភ្នំពេញ៖ ក្រោមការអនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំវគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុប ៥៩៥រូប រួមមានថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋានចំនួន៧ និងមន្ត្រីការិយាល័យជំនាញនានា។ កម្មវិធីបានប្រព្រឹត្តក្នុងរយៈពេលមួយថ្ងៃ ដោយផ្តោតលើការពង្រឹងចំណេះដឹង និងសមត្ថភាពការងាររបស់មន្ត្រី។



ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយកអត្តសញ្ញាណកម្ម បានបញ្ជាក់ថា វគ្គនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនការយល់ដឹងអំពីតួនាទី ភារកិច្ច របៀបរបបការងារ បទវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមន្ត្រីអនុវត្តការងារបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងវគ្គនេះ ក៏បានដាក់បញ្ចូលប្រធានបទសំខាន់ៗចំនួន៥ រួមមាន តួនាទី និងភារកិច្ចអង្គភាព លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បទវិន័យការងារ ការផ្តល់សេវាអត្តសញ្ញាណកម្ម និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីផ្តល់សេវា។



សិក្ខាកាមទាំងអស់ត្រូវធ្វើតេស្តវាស់ស្ទង់ចំណេះដឹង ដោយត្រូវទទួលបានពិន្ទុចាប់ពី ៦៥% ឡើងទៅ ខណៈអ្នកដែលមិនឆ្លង ឬអវត្តមាន ត្រូវចូលរួមវគ្គបន្ទាប់។ ជារួម តាមរយៈវគ្គបំពាក់បំប៉ននេះ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ បានប្តេជ្ញាចិត្តបន្តអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានកោតសរសើរចំពោះការរៀបចំវគ្គនេះ និងជំរុញឱ្យមន្ត្រីបន្តពង្រឹងសមត្ថភាព ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់៕







