ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យលោកស្នងការរងខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីនាំខ្លួនកូនប្រុសរបស់លោកមកទទួលខុសត្រូវតាមផ្លូវច្បាប់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ដោយបានដាក់ឈ្មោះជនបង្កចូលក្នុងបញ្ជីខ្មៅ ហាមមិនឱ្យចាកចេញពីប្រទេសឡើយ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៅកាន់អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យពន្លឿនការអនុវត្តការងារ ដើម្បីឈានទៅឃាត់ខ្លួនជនបង្កឱ្យបានឆាប់រហ័ស។ ក្នុងនោះ ឯកឧត្តមអភិ បានលើកឡើងថា ខ្ញុំជឿច្បាស់ថា ក្នុងនាមជាឪពុក លោកស្នងការរងនឹងអាចដឹងពីទីតាំងលាក់ខ្លួនរបស់កូនប្រុសផងដែរ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ សម្តេចធិបតី បានចេញបទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ស្រាវជ្រាវយ៉ាងហ្មត់ចត់ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ រួមទាំងទារកនៅក្នុងផ្ទៃមាតា និងម្នាក់ទៀតរងរបួសធ្ងន់។

ជាមួយគ្នា សម្តេចធិបតី ក៏បានបញ្ជាឲ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់វិធានការស្រាវជ្រាវយ៉ាងតឹងរឹង ដើម្បីរកឲ្យឃើញអ្នកបើកបរពិតប្រាកដ និងអនុវត្តច្បាប់ដោយគ្មានការលើកលែង ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

Share.