បាត់ដំបង÷ ខ្យល់កន្ត្រាក់បោកបក់ខ្លាំងបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋជាង ១០០ខ្នងលើភូមិសាស្ត្រស្រុកចំនួន ៣ ក្នុងខេត្តបាត់ដំបង។



ក្រោយបូកសរុបរបាយការណ៍ខូចខាតមន្ត្រីកាកបាទក្រហមសាខាខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ៣០ ខែមីនានេះថា÷ ខ្យលកន្ត្រាក់លាយឡំជាមួយភ្លៀងរលឹមដែលបោកបក់ខ្លាំងកាលពីល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦កន្លងមកបានប៉ះពាល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋសរុបចំនួន ១២៨គ្រួសារ ស្មើ ១២៨ខ្នងផ្ទះ លើស្រុកចំនួន ៣ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។



ខ្នងផ្ទះដែលរងការប៉ះពាល់រួមមាន ស្រុកស្រុករតនមណ្ឌល ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ( ៣គ្រួសារ )បានខូចខាត, ស្រុកសំពៅលូន ១ខ្នងផ្ទះ និងស្រុកបាណន់ ប៉ះពាល់ខូចខាតផ្ទះខ្លាំងជាងគេរហូតដល់ចំនួន ១២៤ខ្នងផ្ទះ ( ១២៤គ្រួសារ ) រួមទាំងសាលាឆាន់ ១ខ្នងផងដែរ។ មន្ត្រីជំនាញខាងលើបន្ថែមថា÷ ចំពោះមុខមន្ត្រីរបស់កាកបាទក្រហមសាខាខេត្តបាត់ដំបង កំពុងរៀបចំអំណោយសង្គ្រោះបឋមដើម្បីជួយសម្រាលបន្ទុកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដែលរងការយាយ៉ីដោយគ្រោះធម្មជាតិនេះ៕
អត្ថបទ: ដំបងក្រញូង

