លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកទល់ពេលនេះ ជនបង្កនៅ​មិនទាន់​ចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយទេ។

ទោះជាយ៉ាងណា ឪពុកជាម្ចាស់យានយន្ត បានចូលខ្លួនទៅបំភ្លឺ ដើម្បីបញ្ជាក់អំពីសាវតាកូន និងព័ត៌មានពាក់ព័ន្ធ​នឹងករណី​គ្រោះថ្នាក់ចរាចរណ៍នេះ។

សូមចុចអាន៖ ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំសមត្ថកិច្ចពន្លឿនការស្វែងរក និងឃាត់ខ្លួនជនបង្ក ដាក់ក្នុងបញ្ជីខ្មៅបិទផ្លូវមិនឱ្យគេចទៅក្រៅប្រទេស!

លោកបានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវយ៉ាងតឹងរឹង ដោយប្រមូលភស្តុតាងគ្រប់មុខរូបភាព រួមមាន​ការពិនិត្យទីកន្លែងកើតហេតុ ប្រមូលវត្ថុតាង សម្ភាសន៍សាក្សី និងពិនិត្យកាមេរ៉ាសុវត្ថិភាពតាមគោលដៅសំខាន់ៗ រហូតដល់​រាជធានីភ្នំពេញ ដើម្បីកំណត់ការទទួលខុសត្រូវឲ្យបានច្បាស់លាស់។

លោកបានបន្ថែមថា ការចូលខ្លួនដោយស្ម័គ្រចិត្ត នឹងជួយឲ្យដំណើរការច្បាប់ប្រព្រឹត្តទៅបានលឿន និងមានប្រសិទ្ធភាព ប៉ុន្តែបើមិនចូលខ្លួន សមត្ថកិច្ចនឹងបន្តនីតិវិធីតាមច្បាប់ ដោយមិនអនុញ្ញាតឲ្យរួចផុតពីការទទួលខុសត្រូវឡើយ។

ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធ បង្កើនល្បឿនស្រាវជ្រាវ និងឃាត់ខ្លួនជនបង្កឲ្យបានឆាប់រហ័ស។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងអនុវត្តបទបញ្ជា ដាក់ឈ្មោះជនបង្កក្នុងបញ្ជីខ្មៅ ហាមឃាត់មិនឲ្យចាកចេញពីប្រទេស ដើម្បីធានាការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព។

កាលពីរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ យុវជនម្នាក់ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានបើករថយន្តស៊េរីទំនើបម៉ាក Mercedes Sport បុកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យមានអ្នកស្លាប់សរុប ៦នាក់ រួមមានកុមារ ស្ត្រី និងទារកក្នុងផ្ទៃ។

ក្រោយកើតហេតុ ជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់រថយន្តនៅកន្លែងកើតហេតុ។

ពាក់ព័ន្ធករណីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងនាយឧត្តមសេនីយ៍ ស ថេត ធ្វើការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត និងរកឲ្យឃើញអ្នកបើកបរពិតប្រាកដ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។

បទបញ្ជានេះ ត្រូវបានចេញតាមរយៈសំណេរបង្ហោះលើបណ្តាញសង្គមផ្លូវការ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦៕

Share.