បង្កជាការភ្ញាក់ផ្អើលខ្លាំងដែរ សម្រាប់របត់នយោបាយរបស់មីយ៉ាន់ម៉ា ដែលធ្លាប់តែត្រូវបានគេព្យាករណ៍ទុកមុនថាអំណាចនៅលើកណ្ដាប់យោធា តែមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បែរជាសម្រេចចិត្តលាលែងចេញពីតួនាទីជាអគ្គមេបញ្ជាការកងទ័ពកាលពីថ្ងៃចន្ទ ម្សិលមិញនេះដើម្បីឈរឈ្មោះជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នាពេលថ្មីៗនេះៗ។

ចលនានេះត្រូវបានគេមើលឃើញថាជាការប្តូរឈុតយោធាមកពាក់អាវធំដ៏ប៉ិនប្រសប់មួយដើម្បីកាន់អំណាច បន្ទាប់ពីបានបំផ្លាញលទ្ធិប្រជាធិបតេយ្យក្នុងរដ្ឋប្រហារឆ្នាំ២០២១។ ការសម្រេចចិត្តរបស់ឧត្តមសេនីយ៍ឯក វ័យ ៦៩ឆ្នាំរូបនេះ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាសមួយ ដែលត្រូវបានថ្កោលទោសពីសំណាក់អង្គការសហប្រជាជាតិ និងបស្ចិមប្រទេសថាជាការលេងសើចផ្នែកនយោបាយ។ ការបោះឆ្នោតនោះ ធ្វើឡើងក្នុងភាពចលាចលនៃសង្គ្រាមស៊ីវិល ហើយបក្សដែលគាំទ្រដោយយោធាបានឈ្នះសំឡេងភាគច្រើន។

យ៉ាងណាមិញ នៅក្នុងពិធីដាច់ដោយឡែកមួយនៅរាជធានីណៃពិដោ លោក មីន អ៊ុងឡាំង បានប្រគល់តំណែងអគ្គមេបញ្ជាការកងទ័ពជូនលោក យេ វីនអ៊ូ ដែលជាមន្ត្រីសន្តិសុខចាស់ទុំម្នាក់។ លោកបានថ្លែងក្នុងសុន្ទរកថាមួយបញ្ជាក់ឡើងថា៖ «ខ្ញុំនឹងបន្តបម្រើផលប្រយោជន៍ប្រជាជន យោធា និងផលប្រយោជន៍ជាតិរបស់ប្រទេស»។ ប៉ុន្តែហេតុការណ៍នេះត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាយល់ឃើញថា នេះគ្រាន់តែជា ការផ្លាស់ប្តូរទម្រង់នៃការដឹកនាំតែប៉ុណ្ណោះ។

ខណៈដែលតំណែងអគ្គមេបញ្ជាការកងទ័ពត្រូវបានផ្ទេរទៅឱ្យលោក យេ វីនអ៊ូ តើចុះបុគ្គលរូបនេះជាអ្នកណា? សម្រាប់លោក យេ វីនអ៊ូ ត្រូវបានស្គាល់ថាជាដៃស្ដាំនិងជាមនុស្សស្មោះត្រង់បំផុតម្នាក់របស់លោក មីន អ៊ុងឡាំង។ ការតែងតាំងលោក យេ វីនអ៊ូ ជាអគ្គមេបញ្ជាការថ្មី កំពុងត្រូវបានគេសង្កេតឃើញថា ជាកាយវិការពង្រឹងអំណាចផ្ទាល់ខ្លួនរបស់ មីន អ៊ុងឡាំង។

ទោះជាយ៉ាងណា វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងគោលនយោបាយ មីយ៉ាន់ម៉ា (ISP-Myanmar) បានចេញការវិភាគបង្ហាញពីភាពទន់ខ្សោយរបស់លោក យេ វីនអ៊ូ ដោយបញ្ជាក់ថា៖ ការពិតដែលថាលោក យេ វីនអ៊ូ បានបញ្ចប់ការសិក្សាពីសាលាហ្វឹកហ្វឺនមន្ត្រី (OTS) ជំនួសឱ្យបណ្ឌិត្យសភាការពារជាតិវរជន (DSA) ធ្វើឱ្យលោកខុសប្លែកពីមេទ័ពជាន់ខ្ពស់ដទៃទៀត។ ទោះបីជាលោកកាន់តំណែងរសើបបំផុតមួយក្នុងរដ្ឋបាលយោធាក៏ដោយ លោក យេ វីនអ៊ូ ហាក់ខ្វះបទពិសោធន៍ភាពជាអ្នកដឹកនាំដ៏ទូលំទូលាយ ទាំងក្នុងរណសិរ្សប្រយុទ្ធ និងការគ្រប់គ្រងស្ថាប័ន។ នេះសបញ្ជាក់ថា ដៃស្ដាំរបស់លោក មីន អ៊ុងឡាំង នៅខ្វះបទពិសោធន៍ដឹងនាំគ្រប់គ្រាន់នៅឡើយមុនចូលមកកាន់តំណែងថ្មី។

គួររំលឹកថា លោក មីន អ៊ុងឡាំង វិញធ្លាប់បានសិក្សាផ្នែកច្បាប់មុនចូលបម្រើយោធា និងត្រូវបានគេកត់សម្គាល់ថាជាអ្នកដឹកនាំដ៏តឹងរ៉ឹង និងគ្មានមេត្តា។ លោកពូកែខាងសិល្ប៍សាស្ត្រនៃការគ្រប់គ្រងឥស្សរជន ដោយប្រើយុទ្ធសាស្ត្រចែកតំណែងសំខាន់ៗដល់ពួកស្មោះត្រង់ និងការដាក់ទណ្ឌកម្មគូប្រជែងនយោបាយ។ ទោះបីជាសង្គ្រាមស៊ីវិលដែលកំពុងឆាបឆេះពេញប្រទេស បានធ្វើឱ្យកិត្យានុភាព និងឥទ្ធិពលរបស់យោធាធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ក៏លោក មីន អ៊ុងឡាំង នៅតែបន្តដើរតាមមហិច្ឆតាផ្ទាល់ខ្លួន។ ដូច្នេះការចូលមកអង្គុយនៅលើកៅអីប្រធានាធិបតីលើកនេះ បង្ហាញឱ្យឃើញរូបភាពប្រវត្តិសាស្ត្រថ្មីមួយទៀតថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា អំណាចពិតប្រាកដនៅតែស្ថិតនៅក្នុងដៃមនុស្សដដែល គ្រាន់តែផ្លាស់ប្តូរស្លាកសញ្ញាប៉ុណ្ណោះ៕

Share.