មួយរយៈចុងក្រោយនេះឃើញថា ប្រទេសថៃបានប្រឹងប្រែងខ្លាំងដើម្បីបំផុស និងផ្សព្វផ្សាយពីទេសចរណ៍ ដើម្បីស្រូបទាញឱ្យអ្នកទេសចរណ៍កំណត់គោលដៅមកដើរលេងកម្សាន្តនៅប្រទេសថៃក្នុងឱកាសបុណ្យចូលឆ្នាំថៃ ដែលនឹងខិតចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ។ ត្បិតថាយើងសង្កេតឃើញថាសកម្មភាពរបស់ថៃប្រឹងបំផុសយ៉ាងណាក្ដី ប៉ុន្តែឈ្មោះថៃនិងបញ្ហាស្កេមអនឡាញ អំពើឧក្រិដ្ឋកម្ម និងបញ្ហាអសុវត្ថិភាពមួយចំនួនលើភ្ញៀវទេសចរណ៍ ក៏ជាកត្តាមួយធ្វើឱ្យអ្នកទេសចរខ្លាចរអាមិនតិចនោះដែរ។

មួយរយៈចុងក្រោយនេះ មិនថាជាទីក្រុងទេសចរណ៍ បាតាយ៉ា ឬរាជធានីបាងកកនោះឡើយ តំណាលគ្នានឹងការផ្សព្វផ្សាយពីភាពស្រស់ឆើតឆាយ និងល្អប្រណិតនៃទីក្រុងដ៏ទំនើបទាន់សម័យដែលកំពុងត្រៀមស្វាគមន៍ភ្ញៀវទេសចរ នៅលើបណ្ដាញផ្សព្វផ្សាយសង្គម បញ្ហាអសន្តិសុខ និងព័ត៌មានស្កេមនិងឧក្រិដ្ឋអនឡាញ នៅក្នុងប្រទេសថៃក៏ផ្ទុះចេញស្អុយគគ្រុកផងដែរ..។
បើយើងសាកសង្កេតនៅក្នុងសង្គមថៃ គ្រាន់តែភាយក្លិននិងចំហាយនៃពិធីបុណ្យចូលឆ្នាំជិតឈានមកដល់ កម្លាំងសមត្ថកិច្ចរបស់ថៃបានរកឃើញទីតាំងក្នុងតំបន់ Ram Inthra នៃស្រុក Khan Na Yao ទីក្រុងបាងកក ដោយក្នុងនោះឃាត់បាន ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ១១ នាក់ (បុរស ៩ នាក់ ស្ត្រី ២ នាក់) ដែលមានអាយុចន្លោះពី ១៩ ទៅ ៣៥ ឆ្នាំ។
មិនចម្លែកនោះទេ ដែលក្រុម Oppa ទាំងនោះបានប្រើប្រាស់ប្រទេសថៃជាមូលដ្ឋាននៃការឆបោក ឬជាទីស្នាក់កណ្ដាលនៃការឆបោក ដើម្បីចែកចាយបណ្ដាយឆបោករបស់ពួកគេចូលទៅកាន់ប្រទេសផ្សេងៗ ដោយកន្លងមក កម្ពុជា ក៏ជាជនរងគ្រោះដែលត្រូវបានក្រុមទាំងអស់នោះ ប្រើប្រាស់ជាខ្នែងដើម្បីបោកប្រាស់ផងដែរ។ ជាការកត់សម្គាល់ មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញរបស់ក្រុម Oppa នេះ ត្រូវបានបង្កើតឡើងយ៉ាងម៉ត់ចត់ ដោយមានកុំព្យូទ័រចំនួន ១១ គ្រឿង ទូរស័ព្ទ VoIP រ៉ោតទ័រអ៊ីនធឺណិត និង scripts លម្អិតសម្រាប់ប្រើប្រាស់ក្នុងការបោកប្រាស់។
ជនសង្ស័យទាំងនោះបានក្លែងបន្លំខ្លួនជាមន្ត្រីកូរ៉េ ហើយបង្ខំឱ្យជនរងគ្រោះផ្ទេរប្រាក់ ដោយចោទប្រកាន់ថាពួកគេពាក់ព័ន្ធនឹងរឿងក្តីផ្លូវច្បាប់។ ការខូចខាតសរុបពីប្រតិបត្តិការនេះ ត្រូវបានប៉ាន់ស្មានថាច្រើនជាង ៣ ពាន់លានវ៉ុន ឬប្រហែលជាង ២ លានដុល្លារអាមេរិក។ ត្បិតថា ទីក្រុងបាងកកត្រូវបានគេស្គាល់ថាជាទីក្រុងនៃការកម្សាន្តសប្បាយរីករាយ អាហារឆ្ងាញ់ វប្បធម៌ដ៏សម្បូរបែប និងមានចំហសេវាកម្មផ្លូវភេទយ៉ាងងាយស្រួលដល់ភ្ញៀវទេសចរ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសថៃក៏បានក្លាយជាមូលដ្ឋានជម្រកនៃបណ្តាញឆបោកតាមប្រព័ន្ធអនឡាញឆ្លងដែន ដែលភាគច្រើនកំណត់គោលដៅជនជាតិថៃ ចិន កូរ៉េខាងត្បូង ប៉ុន្តែក៏មានពលរដ្ឋបរទេសដទៃទៀតផងដែរ។
ទោះបីជាការបង្ក្រាបលើកនេះបង្ហាញពីចូលរួមបង្ក្រាបពីអាជ្ញាធរថៃក៏ដោយ ក៏ការពិតដែលមិនអាចប្រកែកបាននោះគឺ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅតែជាដំបៅរ៉ាំរ៉ៃ ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជាច្រើនមានអារម្មណ៍ថាមិនមានសុវត្ថិភាព។ នៅពេលដែលអ្នកទេសចរសម្រេចចិត្តជ្រើសរើសទិសដៅវិស្សមកាល ក្រៅតែពីភាពស្រស់ស្អាតនៃឆ្នេរ ឬភាពរំជើបរំជួលនាពេលរាត្រី កត្តាដ៏សំខាន់បំផុតមួយទៀតគឺសន្តិសុខ សុខសុវត្ថិភាព ស្ថិរភាព និងការការពារពីឆបោកនិងឧក្រិដ្ឋកម្មផ្សេងៗ៕

