បំផ្ទុះគ្រាប់បែកនិងអសន្តិសុខបានកើតឡើងដដែលៗនៅក្នុងខេត្តភាគខាងត្បូងរបស់ប្រទេសថៃ ស្ទើតែគ្មានលស់ពេលវេលា ប៉ុន្តែការដោះស្រាយនិងចំណាត់ការ ហាក់មិនមានប្រសិទ្ធិភាពទាល់តែសោះ ទោះជាអាជ្ញាធរថៃបានប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងក្ដៅនិងត្រជាក់ក៏ដោយ។
តាមរយៈការផ្សាយចេញលើសារព័ត៌មាននិងរបាយការណ៍ពីសមត្ថកិច្ច នៅថ្ងៃទី៣១ ខែមីនានេះ ក្នុងខេត្តណារ៉ាធិវ៉ាត់ កើតមានហេតុការណ៍លួចបង្កៃនិងបំផ្ទុះគ្រាប់បែក២កន្លែង សុទ្ធតែជាទីតាំងសំខាន់ៗ។


ហេតុការណ៍ទីមួយ ជនល្មើសដែលមិនអាចទាំងកំណត់អត្តសញ្ញាណបាន បានលួចបង្កៃគ្រាប់បែកក្បែរស្ពាន Mo Ku We ក្នុងស្រុក Rangae បណ្តាលឱ្យមន្ត្រីប៉ូលីស ២នាក់រងរបួសធ្ងន់ នៅពេលដែលពួកគេកំពុងធ្វើដំណើរត្រឡប់មកវិញ បន្ទាប់ពីចុះស៊ើបអង្កេតករណីចោរកម្ម។
តាមរយៈគ្រោះថ្នាក់នេះ បានបង្ហាញថាជនល្មើសគឺបានត្រៀមលក្ខណៈដាក់គោលដៅវាយប្រហារលើមន្ត្រីមានសមត្ថកិច្ចទាំងពីររូបនេះរួចជាស្រេចហើយ ដែលនេះគឺជាការវាយប្រហារដោយផ្ទាល់ទៅលើមន្រ្តីអនុវត្តច្បាប់ និងជាការប៉ុនប៉ងបំផ្លាញសន្តិសុខក្នុងសង្គមថៃយ៉ាងច្បាស់។

បច្ចុប្បន្ន ជនរងគ្រោះដែលជាមន្ត្រីប្រដាប់អាវុធត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Rangae ហើយអាជ្ញាធរបានបិទផ្លូវជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ។
ដោយឡែកសម្រាប់ហេតុការណ៍ទីពីរ ក្នុងយប់ថ្ងៃដដែលនោះ មានករណីមួយផ្សេងទៀតបានកើតឡើងនៅក្នុងស្រុក Tak Bai ជនល្មើសបានប្រើប្រាស់រថយន្តបង្កប់គ្រាប់បែក បើកបំបុកប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដែលជាសកម្មភាពដ៏គឃ្លើន និងគ្មានការខ្លាចរអែង។ បន្ទាប់ពីការបំផ្ទុះ ជនសង្ស័យបានរត់គេចខ្លួនទាំងយប់ ដោយបណ្ដាលឱ្យមន្រ្តីម្នាក់រងរបួស។

យ៉ាងណាម៉ិញ សកម្មភាពវាយប្រហារបន្តបន្ទាប់គ្នានេះ គឺជាការបង្ហាញឱ្យឃើញពីចេតនាទុច្ចរិតក្នុងការបង្កចលាចល និងការគំរាមកំហែងដល់អាយុជីវិតមនុស្ស។
ការបណ្ដោយឱ្យឧក្រិដ្ឋជន ឬភេវរករ បន្តប្រព្រឹត្តិសកម្មភាពបំផ្ទុះ បង្កៃ ដែលបង្កឱ្យខូចខាតសម្បត្តិរដ្ឋ និងប៉ះពាល់ដល់អាយុជីវិតមនុស្សក្ដី សមត្ថកិច្ចក្ដី តែមិនអាចមានវិធីសាស្ត្របន្ធូរបន្ថយ ឬបំផុតបាន គឺជាសញ្ញាណបញ្ជាក់ពីកម្សោយនៃការដឹកនាំរបស់មន្ត្រីនគរបាលប្រចាំតំបន់ ដែលបណ្ដោយឱ្យជនល្មើសអាចធ្វើអ្វីស្រេចតែចិត្ត ដែលបន្តគំរាមកំហែងដល់ផ្លូវចិត្ត និងអាយុជីវិតរបស់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ រហូតក្លាយជាដំបៅមហារីកនៅក្នុងសង្គមជនជាតិថៃក្នុងខេត្តភាគខាងត្បូង៕

