កំពង់ឆ្នាំង៖ ត្រង់ស្វូរម៉ាទ័រ ភ្លើង50KVA ដែលបំពាក់លើបង្គោលភ្លើង ដើម្បីបំប្លែងចរន្តអគ្គិសនីចែកចាយ ទៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ត្រូវបានជនសង្ស័យធ្វើសកម្មភាពដើរលួចដោះយករបុំ(ស្ពាន់) ត្រង់ស្វូរម៉ាទ័រ ជាបន្តបន្ទាប់ ក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ធ្វើឱ្យការផ្គត់ផ្គង់ចរន្តមានការរអាក់រអួល។

យោងតាមការផ្សព្វផ្សាយរបស់សហគ្រាសអគ្គិសនី កែ វ៉ារិន បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៦ មានជនសង្ស័យលួចដោះត្រង់ស្វូរម៉ាទ័រ 50KVA យកដុំស្ពាន់ នៅចំណុចភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ម្តងមកហើយ ស្រាប់តែមកដល់យប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ មានជនសង្ស័យធ្វើសកម្មភាពលួចដោះត្រង់ស្វូរម៉ាទ័រ 50KVA មួយគ្រឿងទៀត នៅចំណុចភូមិចាមស្លាប់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ករណីលួចដោះយកបរិក្ខាអគ្គិសនីនៅតាមបង្គោលភ្លើងខាងលើ ខាងអគ្គិសនីខេត្តកំពង់ឆ្នាំងក៏បានដាក់ពាក្យបណ្តឹងហើយដែរដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.