តាមក្រសួងទេសចរណ៍នាពេលថ្មីៗនេះបានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគ ព្រមទាំងភ្ញៀវទេសចរកូរ៉េឱ្យមកបណ្តាក់ទុន នឹងទស្សនាកម្សាន្តនៅកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត បន្ទាប់ពីបានឃើញពីស្ថេរភាពនយោបាយ និងវិធានការការពារសុវត្ថិភាពដ៏តឹងរ៉ឹងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងឱកាសដែលលោក Joo-Bong Park ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន និងគណៈប្រតិភូជានាយកប្រតិបត្តិក្រុមហ៊ុនធំៗពីវិស័យផ្សេងៗ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាទីស្តីការក្រសួងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
ក្នុងជំនួបនោះ គណៈប្រតិភូកូរ៉េបានសម្តែងនូវការកោតសរសើរ និងចំណាប់អារម្មណ៍ខ្ពស់ចំពោះសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់កម្ពុជា។ លោក Joo-Bong Park បានថ្លែងជូនឯកឧត្តមរដ្ឋមន្ត្រីថា អ្វីដែលទាក់ទាញចិត្តគណៈប្រតិភូបំផុតនោះ គឺកត្តាសន្តិភាព ស្ថេរភាពនយោបាយ សុខសុវត្ថិភាព និងការអភិវឌ្ឍនានា ដែលត្រូវបានធានាដោយរាជរដ្ឋាភិបាលកម្ពុជា។ គណៈប្រតិភូក៏បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យមានជំនួបនេះ ដែលជាឱកាសដ៏សំខាន់សម្រាប់ពួកគេក្នុងការស្វែងយល់ពីសភាពការណ៍ពិត និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះការជួយផ្សព្វផ្សាយពីសភាពការណ៍ពិតរបស់កម្ពុជា ហើយបានលើកឡើងជាពិសេសអំពីការចាត់វិធានការណ៍ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការលុបបំបាត់ចោលទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលត្រូវបានកំណត់ឱ្យសម្រេចបានត្រឹមខែមេសា ឆ្នាំ២០២៦។ វិធានការដ៏តឹងរ៉ឹងនេះ គឺជាកត្តាសំខាន់មួយដែលពង្រឹងទំនុកចិត្តដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ ជាពិសេសពីសាធារណរដ្ឋកូរ៉េ ដែលជាប្រទេសមួយមានប្រជាពលរដ្ឋធ្លាប់រងគ្រោះពីបញ្ហាឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងតំបន់។

ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅលើយុទ្ធសាស្ត្រជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈវិធានការសំខាន់ៗមួយចំនួនដូចជា៖ ការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ ការផ្សព្វផ្សាយរួមគ្នាអំពីទេសចរណ៍នៃប្រទេសទាំងពីរ ការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍ និងការបង្កើតកញ្ចប់ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជន ជាដើម។ គោលដៅចម្បងគឺជំរុញកំណើនធុរជន និងភ្ញៀវទេសចរកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែច្រើនឡើង ជាពិសេសក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែលជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
គួរបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឈុន (ICCI) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ តាមរយៈសមាជិកភាពនេះ ICCI បានជួយគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និងការរៀបចំជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមពីជាង ២៨ ប្រទេស។
ដោយឡែកការប្តេជ្ញាចិត្តថ្មីនេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ និងការវិនិយោគរបស់កម្ពុជា ដែលកំពុងងើបឡើងវិញយ៉ាងរឹងមាំ បន្ទាប់ពីវិបត្តិនិងការប្រឈមនានា។ ជាមួយនឹងសន្តិភាព ស្ថេរភាព និងសុវត្ថិភាពដែលត្រូវបានពង្រឹង កម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិន និងទេសចរកូរ៉េ៕

