ភ្នំពេញ៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តយុទ្ធនាការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍យ៉ាងសកម្ម។

គិតត្រឹមចុងខែមីនា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបានបញ្ចប់នីតិវិធី និងធ្វើការបណ្ដេញជនបរទេសដែលល្មើសច្បាប់សរុបចំនួន ១,៥២៨នាក់ (ស្រី ២៣២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ ជនបរទេសទាំងនោះមាន ២៣ សញ្ជាតិ ផ្សេងគ្នា រួមមាន៖ ចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ប៉ាគីស្ថាន, ហ្វីលីពីន, មីយ៉ាន់ម៉ា, ជប៉ុន, ស្រីលង្កា, នេប៉ាល់, ចិនតៃវ៉ាន់, អង់គ្លេស, អូស្ត្រាលី, បេឡារូស, យ៉ូហ្គង់ដា, កេនយ៉ា, ហ្គាណា, អាហ្វ្រិកខាងត្បូង, ប៊ូរុនឌី, កាមេរូន, រវ៉ាន់ដា និងនីហ្សេរីយ៉ា។

ក្នុងចំណោមជនបរទេសដែលត្រូវបានបណ្ដេញចេញទាំងអស់ កម្លាំងសមត្ថកិច្ចបានកត់សម្គាល់ឃើញថា មានជនជាតិចិនចំនួន ៣២៧នាក់ (ស្រី ២០នាក់) ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងសកម្មភាព ឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ការបណ្ដេញចេញនេះ ត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីជនបរទេសទាំងនោះបានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់ ព្រមទាំងប្រព្រឹត្តបទល្មើសផ្សេងៗ។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បញ្ជាក់ថា នឹងបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងរក និងចាត់វិធានការលើជនបរទេសណាដែលបន្តស្នាក់នៅខុសច្បាប់ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ៕

អត្ថបទ៖ ត្រយង

Share.