(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនដល់សាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត នាទីស្នាក់ការកណ្តាល។

ក្នុងកិច្ចប្រជុំពេញមួយព្រឹកនេះ អង្គពិធីបានពិភាក្សាយ៉ាងផុសផុលលើចំណុចគន្លឹះសំខាន់ៗ រួមមាន៖ ការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រង, ការធានាសុវត្ថិភាពការងារ, និងការត្រៀមរៀបចំខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ៨ ឧសភា ខាងមុខ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
នាឱកាសនោះដែរ លោកស្រី Dorsa Nazemi Salman ប្រធានបេសកកម្មថ្មីនៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា និងបានបញ្ជាក់ពីការបន្តផ្តល់ការគាំទ្រក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ដើម្បីនិរន្តរភាពនៃកិច្ចការមនុស្សធម៌។

ថ្លែងក្នុងពិធីបិទ លោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍ បាននាំនូវព្រះរាជសុវណ្ណីសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សប្បុរសជន និងមន្ត្រីស្ម័គ្រចិត្តទាំងអស់។ លោកជំទាវបានសង្កត់ធ្ងន់ថា៖ «កិច្ចប្រជុំនេះគឺជាការរួមគ្នាជំរុញឱ្យស្ថាប័នមានសមត្ថភាពកាន់តែរឹងមាំ និងមានភាពធន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រប់ស្ថានការណ៍ ដែលវិវត្តន៍កាន់តែស្មុគស្មាញនៃរបត់ពិភពលោកនាពេលបច្ចុប្បន្ន»។
ជាលទ្ធផល លោកជំទាវបណ្ឌិត បានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ចំនួន ៦ចំណុច ដើម្បីពង្រឹងតម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តពីសាធារណជន។ ជាកិច្ចបញ្ចប់ លោកជំទាវក៏បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសថ្នាក់ជាតូបការ ប្រគេនព្រះគ្រូនាគមុនីសត្ថាសុខុមោ នី សុវណ្ណមុនីរ៉េត និងជូនលោកព្រឹទ្ធាចារ្យ ទួន ទេស ផងដែរ៕












អត្ថបទ៖ កាកបាទក្រហមកម្ពុជា

