គណកម្មាការរៀបចំការប្រកួតពានរង្វាន់ The Mobile Legends: Bang Bang Professional League – Cambodia ឬ MPL Cambodia បានធ្វើសន្និសិតសារព័ត៌មានបើកការប្រកួត MPL Cambodia ជាផ្លូវការ សម្រាប់រដូវកាលទី ១០ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡាអេឡិចត្រូនិច T.Y Media Esports Center (ផ្លូវ ៦០ម៉ែត្រ) ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិក បានមានប្រាសាសន៍ថា៖ សម្រាប់រដូវកាលថ្មី ទី១០នេះ មានភាពខុសប្លែកពីមុន ធំជាងមុន ដោយរដូវកាលកន្លងទៅមានតែ៨ក្រុម ចំពោះរដូវថ្មីមាន ១០ក្រុម រួមជាមួយប្រាក់រង្វាន់សរុបក៏មានការកើនឡើងរហូតដល់ ៥ម៉ឺនដុល្លារ។
លោក លន់ សាមឌី បានបន្ថែមថា សម្រាប់កីឡាការិនី នៅមានការប្រកួតកម្រិតអាជីពបានតិច ដូចអ្វីដែលសហព័ន្ធបានស្នើសុំទៅខាងអ្នករៀបចំជាយូរមកហើយ ដូចនេះ ទើបយើងបានដាក់បញ្ជូលក្រុមនារីប្រកួត MPL KH ជាលើកដំបូង ដើម្បីឱ្យក្រុមនារីកាន់តែមានការប្រកួតប្រជែងខ្ពស់ជាងបច្ចុប្បន្ន។

លោក Daniel Chew ប្រធានផ្នែកកីឡាអេឡិចត្រូនិក នៃ MOONTON Game ប្រចាំកម្ពុជា បានលើកឡើងថា៖ លោកចង់ធ្វើអ្វីដែលពិសេស សម្រាប់ការប្រកួតនៅរដូវកាលនេះឱ្យកាន់តែលូយ និងអស្ចារ្យមួយកម្រិតទៀត។ លើសពីនេះលោកបានផ្ដល់ក្រុមចំនួន ២បន្ថែមទៀត ដែលផ្ដល់ឱកាសឱ្យក្រុមជើងឯកនៅក្នុង Tournaments 4 បានឡើងមកកាន់ការប្រកួត MPL Cambodia។
លោក Daniel Chew ក៏បានបង្ហាញការជឿជាក់ថា ក្រុមនារីដែលឡើងមកកាន់ MPL KH គឺជាក្រុមខ្លាំង និងកាន់តែខ្លាំងមួយកម្រិតទៀត ដែលត្រូវលេងប៉ះជាមួយកីឡាករ លើកពីនេះលោកចង់ឱ្យទទួលបានបទពិសោធន៍ពីការប្រកួតថ្នាក់ជាតិ។ ចំពោះប្រាប់រង្វាន់វិញ លោកថា ចង់ឱ្យក្រុមដែលចូលរួមទទួលបានប្រាប់រង្វាន់ស្មើភាព ច្រើនជាងមុនជាងមុន បើទោះជាមិនទទួលបានជើងឯកក៏ដោយ។

សមាសភាពក្រុមទាំង ១០ រួមមាន៖
- ក្រុមចំនួន ៦ ដែលក្រុមខ្លាំងនៅក្នុង MPL រដូវកាលទី ៩ មាន៖ FU Gaming (ម្ចាស់ជើងឯកឆ្នាំចាស់), Galaxy Legends, PRO Esports, Team Max, See You Soon, Valhalla។
- ក្រុមចំនួន ២ ដែលមកចូលរួមតាមរយៈការប្រកួតជម្រុះពី MPL KH Open Qualifier មាន៖ Duck Rice Esports, Vigor Apex។
- ក្រុមចំនួន ២ ក្រុមទៀត គឺជាក្រុមជើងឯករបស់ការប្រកួត 3rd Party Tournament របស់យើង ដែលមានដូចជា T. Y Media Academy និង Queen Legends មាន៖ Evil Eye Esports និងក្រុមនារី Queen Phoenix។

ដើម្បីអបអរខួបទី១០ នៃ MPLCambodia រដូវកាលនេះ មានលក្ខណៈពិសេសជាងរដូវកាលមុនៗ ដោយការប្រកួតនៅសប្ដាហ៍ដំបូង នឹងបើកឱ្យអ្នកាំទ្រចូលរួមទស្សនាដោយស៊រី។ ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែមេសា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅ MPL Cambodia Arena ដែលជាទីតាំងផ្លូវការសម្រាប់ការប្រកួត។
គួរបញ្ជាក់ថា សម្រាប់ម្ចាស់ជើងឯកនៃការប្រកួត MPL-KH រដូវកាលទី១០នេះ នឹងមានឈ្នះទៅចូលរួមនៅក្នុងព្រឹត្តិការណ៍ MLBB Mid Season Cup 2024 ហៅកាត់ MSC ត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ។
រំលឹកថា ដំណើរការប្រកួតប្រកួត MPL-KH អស់ ៩ រដូវកាល រួមមកឃើញថា មានតែ ៤ក្រុមប៉ុណ្ណោះដែលអាចដណ្ដើមបានជើងឯក ដោយក្រុម Impunity KH បាន ១លើក BURN x FLASH បាន ២លើក See You Soon បាន ៣លើក និងក្រុម CFU Gaming បាន ៣លើកជាប់គ្នានៅរដូវកាលចុងក្រោយ។
- រដូវកាលទី១ MPL Cambodia Season 1 ម្ចាស់ជើងឯកបានទៅលើ ក្រុម See You Soon
- រដូវកាលទី២ MPL Cambodia Spring 2022 ម្ចាស់ជើងឯកបានទៅលើ ក្រុម Impunity KH
- រដូវកាលទី៣ MPL Cambodia Autumn 2022 ម្ចាស់ជើងឯកបានទៅលើ ក្រុម BURN x FLASH
- រដូវកាលទី៤ MPL Cambodia Spring 2023 ម្ចាស់ជើងឯកបានទៅលើ ក្រុម BURN x FLASH
- រដូវកាលទី៥ MPL Cambodia Autumn 2023 ម្ចាស់ជើងឯកបានទៅលើ ក្រុម See You Soon
- រដូវកាលទី៦ MPL Cambodia Season 6 ម្ចាស់ជើងឯកបានទៅលើ ក្រុម See You Soon
- រដូវកាលទី៧ MPL Cambodia Season 7 ម្ចាស់ជើងឯកបានទៅលើ ក្រុម CFU Gaming
- រដូវកាលទី៨ MPL Cambodia Season 8 ម្ចាស់ជើងឯកបានទៅលើ ក្រុម CFU Gaming
- រដូវកាលទី៩ MPL Cambodia Season 9 ម្ចាស់ជើងឯកបានទៅលើ ក្រុម CFU Gaming៕












