ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយ ករណីលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី នៅខណ្ឌមានជ័យ ដោយដកហូតវត្ថុតាងបានជាង ១៣០០គ្រឿង និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈផេកហ្វេសប៊ុក «Phnom Penh Gendarmerie»។ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយអាវុធហត្ថខណ្ឌមានជ័យ ចុះត្រួតពិនិត្យទីតាំងមួយ ដែលស្ថិតនៅតាមផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញ និងដកហូតឧបករណ៍អេឡិចត្រូនិកជាច្រើនប្រភេទ ដែលប្រើសម្រាប់ជក់សារធាតុគីមី ចំនួនសរុបជាង ១៣០០គ្រឿង ហើយបាននាំម្ចាស់ទីតាំងទៅសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍បែបនេះ គឺត្រូវបានហាមឃាត់ដាច់ខាត ហើយអាវុធហត្ថបានបន្តបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីរួចមកហើយ។

ជាមួយគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមសហការផ្ដល់ព័ត៌មាន ដើម្បីជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

អត្ថបទ៖ សេង សាវី

Share.