ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់បារីអេឡិចត្រូនិចមួយកន្លែង នៅខណ្ឌទួលគោក ប៉ុន្តែក្នុងប្រតិបត្តិការនេះ ក៏បានបែកធ្លាយករណីក្រុមជនសង្ស័យ ដើរតួជាសមត្ថកិច្ច និងអ្នកកាសែត ដើម្បីបន្លំយកប្រាក់ពីម្ចាស់ទីតាំង។

Screenshot

តាមការបញ្ជាក់ អាវុធហត្ថរាជធានីភ្នំពេញ តែងតែចុះបង្ក្រាបទីតាំងលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាបន្តបន្ទាប់ ស្របតាមបទបញ្ជារដ្ឋាភិបាល ដែលហាមឃាត់ដាច់ខាត ការនាំចូល ចែកចាយ និងប្រើប្រាស់ឧបករណ៍បែបនេះ ដើម្បីការពារសុខភាពសាធារណៈ។

ជាក់ស្តែង ទីតាំងមួយឈ្មោះ «អេលីម៉ាត» នៅសង្កាត់បឹងកក់ទី២ ត្រូវបានរាយការណ៍ថាបានបើកលក់ឡើងវិញ បន្ទាប់ពីធ្លាប់ត្រូវបង្ក្រាបកាលពីខែមករា ឆ្នាំ២០២៦។ បន្ទាប់ពីទទួលព័ត៌មាន កម្លាំងជំនាញបានចុះបង្ក្រាបសារជាថ្មី ហើយបានរកឃើញករណីគួរឲ្យភ្ញាក់ផ្អើលមួយទៀត។

ក្រុមជនសង្ស័យមួយក្រុម បានដើរតួជាសមត្ថកិច្ចអាវុធហត្ថ និងអ្នកកាសែត ទៅបញ្ចុះបញ្ចូលម្ចាស់ទីតាំង ឲ្យបើកលក់បន្ត ជាថ្នូរនឹងប្រាក់ ៥៦០០ដុល្លារ ហើយធានាថាមិនបង្ក្រាប និងមិនផ្សព្វផ្សាយព័ត៌មាន។

បន្ទាប់ពីដឹងថាត្រូវបានបោកប្រាស់ ម្ចាស់ទីតាំងបានសហការជាមួយសមត្ថកិច្ច ដើម្បីស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន។ ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពបន្លំ និងកំហែងយកប្រាក់ពិតប្រាកដ។

Screenshot

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈសមត្ថកិច្ចកំពុងបន្តស្វែងរកបក្ខពួកដែលនៅសល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

អត្ថបទ៖ សេង សាវី

Share.