ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះបង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ក្នុងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ៣០ និង ៣១ ខែមីនា ឆ្នាំ២០២៦ នៅបុរីហ្រ្គេនភ្នំពេញ សង្កាត់ឃ្មួញ។

ប្រតិបត្តិការដំបូង បានធ្វើឡើងនៅថ្ងៃទី ៣០ មីនា នៅផ្ទះមួយក្នុងបុរីខាងលើ ដែលសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ និងដកហូតវត្ថុតាងជាច្រើន រួមមានសារធាតុសង្ស័យជាគ្រឿងញៀន ប្រភេទម្សៅ និងរាវ ឧបករណ៍ប្រើប្រាស់ដូចជា ជញ្ជីង បំពង់កែវ និងសម្ភារៈពាក់ព័ន្ធផ្សេងៗ។

បន្ទាប់ពីសាកសួរ នៅថ្ងៃទី ៣១ មីនា សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងចុះបង្ក្រាបទីតាំងមួយទៀត ក្នុងតំបន់ដូចគ្នា ដោយឃាត់ខ្លួនជនសង្ស័យបន្ថែម ៣នាក់។ ក្នុងនោះ សមត្ថកិច្ចបានដកហូតអាវុធខ្លី ២ដើម បង់កាំភ្លើង លិខិតឆ្លងដែន ទូរស័ព្ទដៃ និងឯកសារពាក់ព័ន្ធមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

អត្ថបទ៖ តាតុងសែនជ័យ

Share.