កត្តាភាពមិនស្ងប់សុខជារឿងមួយ តែកត្តាធម្មជាតិនេះក៏ធ្វើទុក្ខបុកម្នេញប្រទេសថៃ ដែលនាំឱ្យរាំងស្ទះដល់ការកើបលុយចំណូលពីទេសចរណ៍ផងដែរ ព្រោះតែថ្មីៗ ថៃកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ដោយសារតែគេបានរកឃើញប្រភេទខ្ញែរសមុទ្រភ្លើងដែលជាសត្វមានជាតិពុលខ្លាំងកំពុងតែផុសឡើងនៅម្ដុំកោះមួយនៃខេត្តភូកេត ដែលបង្កជាការព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពតាមតំបន់ឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ថៃ។

កាលពីថ្ងៃទី៣០ ខែមីនា លោក Suchart Chomklin ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ បានចេញមុខព្រមានជាបន្ទាន់ ក្រោយរកឃើញវត្តមានខ្ញែរសមុទ្រភ្លើង (Fire Jellyfish) មានជាតិពុលខ្លាំងនៅជុំវិញកោះ Aeo ខេត្តភូកេត។
យោងតាមរបាយការណ៍ដែលគួរឱ្យតក់ស្លុតពីនាយកដ្ឋានធនធានសមុទ្រ និងឆ្នេរ (DMCR) ខ្ញែរសមុទ្រភ្លើងមានពិសទាំងនេះត្រូវបានគេប្រទះឃើញនៅផ្តុំគ្នាយ៉ាងច្រើន ប្រហែល ឬលើសពី១០០ក្បាលក្នុងមួយម៉ែត្រការ៉េ កំពុងអណ្តែតលើផ្ទៃទឹកក្នុងជម្រៅពី៣ ទៅ ៥ ម៉ែត្រ។ វត្តមានខ្ញែរសមុទ្រភ្លើងដ៏ច្រើស្អេកស្កះ បានក្លាយជាកត្តាគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយទៅដល់សុវត្ថិភាពអ្នកទេសចរនៅតាមសមុទ្រក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃកោះភូកេតទាំងមូល។


យ៉ាងណាមិនត្រឹមតែនៅភូកេតប៉ុណ្ណោះទេ សូម្បីតែនៅឧទ្យានជាតិ Similan ក្នុងខេត្ត Phang Nga ក៏ត្រូវបានបង្ខំចិត្តបិទកន្លែងហែលទឹកជាបណ្តោះអាសន្នផងដែរ ក្រោយរកឃើញវត្តមានខ្ញែរសមុទ្រ ប្រភេទ Blue Button ដែលកំពុងរសាត់អណ្តែតមកតាមឆ្នេរ។ ទោះបីជាពិសរបស់វាមានកម្រិតស្រាលជាងប្រភេទខ្ញែរសមុទ្រ Box Jellyfish ក៏ដោយ ប៉ុន្តែវាអាចបង្កឱ្យមានការឈឺចាប់ខ្លាំងរហូតដល់ រលាក រមាស់ និងកើតពងបែកលើស្បែកភ្លាមៗ ត្រង់កន្លែងប៉ះពាល់វា។



ទោះជាមានពិសតិចក្ដី ច្រើនក្ដី តែវត្តមានខ្ញែរសមុទ្រពិសយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ពិតជាបានបង្កនូវហានិភ័យធ្ងន់ធ្ងរដល់ភ្ញៀវទេសចរ ដែលនិយមទៅលេងកម្សាន្ដនៅតំបន់កោះដ៏ពេញនិយមរបស់ថៃនេះណាស់។ ការដែលទុកឱ្យសត្វមានពិសទាំងនេះប្រមូលផ្តុំគ្នាដល់ទៅ ១០០ក្បាលក្នុងមួយម៉ែត្រការ៉េ ទើបចេញមុខប្រកាសអាសន្ន គឺជាការបង្ហាញពីភាពយឺតយ៉ាវនៃប្រព័ន្ធការពារសុវត្ថិភាពរបស់ប្រទេសថៃរួចជាស្រេចទៅហើយ។
សម្រាប់ប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ដូចជាថៃ ប្រសិនបើប្រព័ន្ធសុវត្ថិភាពទាំងលើដី និងក្នុងទឹក នៅតែមានភាពចន្លោះប្រហោងបែបនេះ វានឹងក្លាយជាមេរៀនដ៏ជូរចត់សម្រាប់ជោគវាសនានៃវិស័យទេសចរណ៍របស់ខ្លួន។
អាជ្ញាធរមិនគួរត្រឹមតែចេញការព្រមាននោះទេ ប៉ុន្តែត្រូវមានវិធានការការពារឱ្យបានមុនហេតុការណ៍ ដើម្បីធានាថា ឆ្នេរសមុទ្រដ៏ស្រស់ស្អាត មិនមែនជាទីលានគ្រោះថ្នាក់សម្រាប់អ្នកទេសចរឡើយ៕

