លោក Vassily Nebenzia (វ៉ាស៊ីលី ណេប៊ែនហ្ស៊ីយ៉ា) ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បានថ្លែងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដ៏សាហាវលើទាហានមួកខៀវនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំទីក្រុងលីបង់ កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu Agency នាពេលថ្មីនេះ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក Nebenzia បានថ្លែងថា រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងចំពោះរាល់ការវាយប្រហារលើទាហានមួកខៀវនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដោយមិនគិតពីអ្នកដែលធ្វើសកម្មភាពនោះទេ។ លោកបន្តថ្លែងថា រុស្ស៊ីគាំទ្រការអំពាវនាវឱ្យភាគីនានាក្នុងជម្លោះគោរពតាមច្បាប់អន្តរជាតិ និងធានាសុវត្ថិភាពដល់បុគ្គលិកអង្គការសហប្រជាជាតិ ដោយបញ្ជាក់ថា ចាំបាច់ត្រូវមានការឈប់បាញ់នៅតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីរូបនេះបានព្រមានថា ប្រសិនបើមិនដូច្នោះទេ ការផ្ទុះឡើងនៃអំពើហិង្សាកម្រិតខ្ពស់នៅភាគខាងត្បូងលីបង់ នឹងមិនមែនជាឧបទ្ទវហេតុចុងក្រោយដែលបណ្តាលឱ្យបុគ្គលិកអង្គការសហប្រជាជាតិបាត់បង់ជីវិតនោះទេ។ ឯកអគ្គរដ្ឋទូតរុស្ស៉ីរូបនេះ ក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ចំពោះអ្វីដែលលោកហៅថា ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមការងារ RT របស់រុស្ស៉ីនៅលីបង់កាលពីថ្ងៃទី ១៩ ខែមីនា ហើយអ្នកដែលពាក់ព័ន្ធគួរត្រូវនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។
លោក Vassily Nebenzia បានសម្តែងការព្រួយបារម្ភចំពោះការពង្រឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅលីបង់ ដោយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ទីក្រុងម៉ូស្គូចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់លីបង់។ លោក Nebenzia បានអំពាវនាវថា រុស្ស៊ីសូមអំពាវនាវដល់ថ្នាក់ដឹកនាំអ៊ីស្រាអែលឱ្យបោះបង់ចោលការប្រើប្រាស់កម្លាំងតែម្នាក់ឯង ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្របច្បាប់របស់ខ្លួន ដកកងកម្លាំងយោធាចេញពីទឹកដីកាន់កាប់ និងត្រឡប់ទៅកាន់មាគ៌ាការទូតវិញ។

ករណីហិង្សាដែលសម្លាប់អាយុជីវិតរបស់ទាហានមួកខៀវ បានបន្តកើតមានឡើង ដែលបង្កឱ្យមានការព្រួយបារម្ភ ដោយនៅមុននេះបន្តិច តាមរយៈសារព័ត៌មាន Channel New Asia បានឱ្យដឹងថា កងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ី ២នាក់ទៀតត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់៣នាក់។
UNIFIL បានថ្លែងការណ៍នៅថ្ងៃច័ន្ទថា នេះជាការវាយប្រហារលើកទីពីរក្នុងរយៈពេល ២៤ ម៉ោង ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត។ កាលពីថ្ងៃអាទិត្យ ទាហានរក្សាសន្តិភាពម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយគ្រាប់បានប៉ះនឹងទីតាំងរបស់ យូនីហ្វីល នៅជិតក្រុងអាដស៊ីត អាល់-គូសាយ ភាគខាងត្បូងលីបង់។
គួររំលឹកថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងប្រតិបត្តិការជ្រៀតចូលដីនៅភាគខាងត្បូងលីបង់ ចាប់តាំងពីក្រុមហេសបូឡាបានបើកការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ២ ខែមីនា។ អាជ្ញាធរលីបង់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១,២៤៧ នាក់ត្រូវបានសម្លាប់ និង ៣,៦៩០ នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីពេលនោះមក៕

