បន្ទាប់ពីលោក ត្រាំ បានប្លោងសម្ដីពីរដ្ឋធានីវ៉ាស៊ីនតោន ថានឹងត្រៀមបិទបញ្ចប់ប្រតិបត្តិការយោធា ដោយវាយកន្ទេចអ៊ីរ៉ង់ឱ្យរាបដូចកន្ទេល កាលពីថ្ងៃទី៣១ តែនៅថ្ងៃទី១ ខែមេសា នេះរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ Al Jazeera English ថាបច្ចុប្បន្ននេះគ្មានការចរចាសកម្មណាមួយរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនឡើយ តែអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់រាល់ការឈ្លានពានគ្រប់ទម្រង់ ទោះបីជាមានការផ្លោងសម្ដីខ្លាំងៗពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកក៏ដោយ។

នៅក្នុងបទសម្ភាសន៍លោក Araghchi បានបញ្ជាក់ថា លោកទទួលបានសារទាំងផ្ទាល់ និងប្រយោលពីលោក Steve Witkoff អ្នកនាំសារពិសេសរបស់អាមេរិក ប៉ុន្តែសារទាំងនោះមិនមែនជាការចរចាទេ។ លោកបានបន្ថែមដោយសង្កត់ធ្ងន់ថា ទំនុកចិត្តរវាងតេអេរ៉ង់ និងវ៉ាស៊ីនតោនគឺ ស្ថិតក្នុងកម្រិតសូន្យរួចទៅហើយ ដោយសារតែកិច្ចព្រមព្រៀងកន្លងមកធ្លាប់បានបរាជ័យ រួមទាំងមានការវាយប្រហារនាពេលថ្មីៗនេះ ជាហេតុធ្វើឱ្យអាមេរិកមិនគួរឱ្យទុកចិត្តបន្តទៀតនោះទេសម្រាប់អ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានឱ្យដឹងថែមទៀតថា អ៊ីរ៉ង់មិនទាន់បានឆ្លើយតបនឹងសំណើរបស់អាមេរិក ហើយក៏មិនទាន់បានដាក់សំណើផ្ទាល់ខ្លួនវិញដែរ។ ទាក់ទងនឹងច្រកសមុទ្រអូរម៉ូស លោក Araghchi បានអះអាងថា ផ្លូវទឹកនេះស្ថិតនៅក្នុងដែនសមុទ្ររបស់អ៊ីរ៉ង់ និងអូម៉ង់ ហើយវានៅបើកចំហសម្រាប់តែប្រទេសណាដែលមិនមានសង្គ្រាមជាមួយអ៊ីរ៉ង់ប៉ុណ្ណោះ ខណៈរដ្ឋសត្រូវ ដែលចូលមកត្រូវបានដាក់កំហិត។

លោកបានព្រមានថា អ៊ីរ៉ង់បានត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការឈ្លានពានតាមផ្លូវគោករបស់អាមេរិក ហើយនឹងឆ្លើយតបដោយកម្លាំងភ្លាមៗ។ លោកបានយោងទៅលើការវាយប្រហាររបស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ដែលបានបំផ្លាញយន្តហោះ និងប្រព័ន្ធរ៉ាដារបស់អាមេរិកនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបានអះអាងថា អ៊ីរ៉ង់មិនមែនជាអ្នកចាប់ផ្តើមជម្លោះនេះទេ ប៉ុន្តែអ៊ីរ៉ង ក៏បានត្រៀមខ្លួនជាស្រេចដើម្បីការពារខ្លួនដូចគ្នាដែរ។ លោក Abbas Araghchi និយាយថា៖ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងកងទ័ពជើងគោកអាមេរិក ដើម្បីបំផ្លាញការឈ្លានពានពីមហាអំណាចគ្រប់ទម្រង់។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Araghchi ធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កំពុងកើនកម្ដៅដូចបាយពុះ៕

Share.