រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន (Civil Registration System–CRS) នៅរដ្ឋបាលសង្កាត់ទាំង ១៥ ចំណុះខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ និងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយអនុវត្តតាមប្រកាសលេខ ៣០៦៨ ប្រ.ក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុចអាន៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រៀបចំវគ្គបំពាក់បំប៉ន បង្កើនសមត្ថភាពមន្ត្រី

ប្រព័ន្ធ CRS ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការងារក្រដាស បង្កើនល្បឿននៃការផ្តល់សេវា និងធានាបានភាពត្រឹមត្រូវនៃទិន្នន័យអត្រានុកូលដ្ឋាន ដែលជាគន្លឹះសំខាន់សម្រាប់ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋនៅសម័យឌីជីថល។

លោក ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាមូលដ្ឋានសំខាន់សម្រាប់ការកំណត់អត្តសញ្ញាណ និងការពារសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ប្រព័ន្ធថ្មីនេះ នឹងជួយឲ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ ដូចជា ការអប់រំ និងសុខាភិបាល ដោយមានភាពងាយស្រួល លឿន និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។

ជាមួយគ្នានេះ ឯកឧត្តម ហេង ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ប្រព័ន្ធ CRS គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មវិស័យអត្តសញ្ញាណកម្មនៅកម្ពុជា។ ប្រព័ន្ធនេះភ្ជាប់ជាមួយលេខសម្គាល់អត្តសញ្ញាណបុគ្គលតែមួយ ដែលអាចប្រើប្រាស់ចាប់ពីកំណើតរហូតដល់មរណភាព ដើម្បីធានាការគ្រប់គ្រងទិន្នន័យឲ្យបានត្រឹមត្រូវ និងជៀសវាងកំហុស។

ឯកឧត្តមបន្ថែមថា ការអនុវត្តប្រព័ន្ធនេះ នឹងជួយកាត់បន្ថយកំហុសទិន្នន័យ និងការក្លែងបន្លំឯកសារ ព្រមទាំងធ្វើឱ្យការគ្រប់គ្រងព័ត៌មានប្រជាពលរដ្ឋមានប្រសិទ្ធភាព និងទំនើបកម្មជាងមុន។

ដើម្បីគាំទ្រការអនុវត្តនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីជាច្រើន ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថល និងធានាការផ្តល់សេវាឲ្យបានត្រឹមត្រូវ។

ទោះជាយ៉ាងណា មន្ត្រីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជា ប្រព័ន្ធដំណើរការយឺត និងកង្វះសម្ភារៈបច្ចេកទេស ដែលត្រូវការការគាំទ្របន្ថែមពីថ្នាក់ជាតិ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំបានបញ្ជាក់ថា បញ្ហាទាំងនេះ នឹងត្រូវយកមកពិចារណា និងកែលម្អជាបន្តបន្ទាប់ ដើម្បីធានាថាប្រព័ន្ធ CRS អាចដំណើរការបានយ៉ាងមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ការដាក់ឱ្យដំណើរការប្រព័ន្ធ CRS នេះ ត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយ ក្នុងការផ្លាស់ប្តូររដ្ឋបាលសាធារណៈទៅរកប្រព័ន្ធឌីជីថល និងការកែលម្អគុណភាពសេវាសាធារណៈនៅកម្ពុជា៕

Share.