ត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ទារិកាម្នាក់ ដែលត្រូវបានគេបោះបង់ចោល នៅឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។


ក្នុងឱកាសនោះ លោកជំទាវ នី ចាន់ធីតា បានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារងាយរងគ្រោះ មិនឱ្យរស់នៅដោយខ្វះការថែទាំនោះឡើយ។

ជាមួយគ្នានេះ លោកជំទាវក៏បានថ្លែងអំណរគុណដល់លោក ចេង ចិត្តា និងអ្នកស្រី ស៊ន ណារ័ត្ន ដែលបានជួយសង្គ្រោះ និងថែទាំទារិកា ហើយស្នើឱ្យបន្តយកចិត្តទុកដាក់លើអាហារូបត្ថម្ភ អនាម័យ និងសុខភាព ដើម្បីឱ្យទារិកាលូតលាស់បានល្អប្រសើរ។

សូមបញ្ជាក់ថា ទារិកានេះ ត្រូវបានគេយកមកបោះចោលនៅក្នុងអង្រឹង មុខតូបលក់ចាប់ហួយ នៅភូមិជ្រោយគរ ឃុំជីរោទ៍ទី២ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងក្ដីអាណិតអាសូរពីសំណាក់ប្រជាពលរដ្ឋ។


ដើម្បីជួយសម្រាលបន្ទុក ក្រុមការងារបានផ្ដល់អំណោយ រួមមាន អង្ករ ៥០គីឡូក្រាម សម្ភារៈទារក ម្សៅទឹកដោះគោ ខោទឹកនោម គ្រឿងឧបភោគបរិភោគ និងថវិកា ៣៥ម៉ឺនរៀល។
សកម្មភាពនេះ បង្ហាញពីទឹកចិត្តមនុស្សធម៌ និងការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ក្នុងការជួយសង្គ្រោះ និងថែរក្សាជីវិតប្រជាពលរដ្ឋក្នុងសហគមន៍។

អត្ថបទ÷អាចារ្យលាក់

Share.