ភ្នំពេញ៖ កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសបច្ចេកវិទ្យា នៅខណ្ឌសែនសុខ នាយប់ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ ក្នុងនោះមានស្រី ២នាក់។ ជនសង្ស័យភាគច្រើនជាជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់។

ប្រតិបត្តិការនេះធ្វើឡើងនៅតំបន់ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ដែលជាទីតាំងសង្ស័យប្រើប្រាស់សម្រាប់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានទូរស័ព្ទដៃជាង ៨៤៦គ្រឿង កុំព្យូទ័រ CPU និងអេក្រង់ Monitor ជាច្រើនគ្រឿង ព្រមទាំងស៊ីមកាតអន្តរជាតិមួយចំនួន។

តាមការពិនិត្យបច្ចេកទេស សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនសង្ស័យបានប្រើប្រាស់ទីតាំងនេះ ដើម្បីប្រព្រឹត្តបទល្មើសឆបោកក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ ដោយមានគោលដៅទៅលើជនរងគ្រោះនៅបរទេស រួមមានប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។
ប្រតិបត្តិការនេះអនុវត្តក្រោមការបញ្ជាពីអាជ្ញាធរ និងថ្នាក់ដឹកនាំពាក់ព័ន្ធ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងការសម្របសម្រួលពីតំណាងអយ្យការ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

