បាត់ដំបង៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅក្នុងភូមិចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីបញ្ចប់ការសាកសួរ និងកសាងសំណុំរឿងរួចរាល់។

ជនសង្ស័យរូបនេះ គឺជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តម៉ាក Mercedes GT53 បុកម៉ូតូពីក្រោយ បណ្ដាលឱ្យមនុស្សស្លា.ប់៥នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ហើយបានរត់គេចខ្លួនក្រោយកើតហេតុ ។ លុះនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ជនបង្កបានព្រមចូលខ្លួនមកសារភាពតាមការកោះហៅរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយជនសង្ស័យបានសាភាពថាខ្លួនពិតជាអ្នកបើកបររថន្តបង្កគ្រោះថ្នាក់ នោះពិតប្រាកដមែន។

សូមបញ្ជាក់ផងដែរថា មុនថ្ងៃដែលជនបង្កចូលខ្លួនមកសាភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យអាជ្ញាធរជំនាញ ដាក់ឈ្មោះជនបង្កចូលក្នុងបញ្ជីខ្មៅ ដើម្បីទប់ស្កាត់កុំឱ្យជនបង្កអាចរត់ចេញពីប្រទេសបាន។

ជុំវិញករណីគ្រោះថ្នាកចរាចរណ៍ខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវយ៉ាងម៉ត់ចត់ ខណៈ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនបង្កបានចូលខ្លួនតាមផ្លូវច្បាប់រួចហើយ និងអំពាវនាវឲ្យរង់ចាំលទ្ធផលចុងក្រោយ។

អត្ថបទ៖ ដំបងក្រញូង

Share.