ប៉ោយប៉ែត៖ បន្ទាប់ពីក្រុមហ៊ុនអគ្គីសនីអានកូ តម្រូវឲ្យអតិថិជនប្រើប្រាស់ថាមពលច្រើន បង់ប្រាក់កក់បន្ថែម រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងលោក គាត ហ៊ុល អភិបាលក្រុង បានបើកកិច្ចប្រជុំរកដំណោះស្រាយ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។


ក្រោយការពិភាក្សា ភាគីពាក់ព័ន្ធបានឯកភាពលើដំណោះស្រាយចម្បង ២ចំណុច៖
ទី១ អតិថិជនអាចបង់ប្រាក់កក់សមស្របតាមកម្រិតប្រើប្រាស់អគ្គីសនីប្រចាំខែ ហើយបើការប្រើប្រាស់ថយចុះ ក្រុមហ៊ុនត្រូវសងប្រាក់កក់វិញ។ ទី២ ម្ចាស់អគារមិនចាំបាច់បង់ប្រាក់កក់បន្ថែម ប៉ុន្តែត្រូវធ្វើកិច្ចសន្យាជាក់លាក់ ដើម្បីធានាការទូទាត់ថ្លៃអគ្គីសនីឲ្យបានទៀងទាត់។


ដំណោះស្រាយទាំងពីរនេះ ត្រូវបានទទួលយកដោយទាំងក្រុមហ៊ុន និងអតិថិជន ដោយអនុញ្ញាតឲ្យអតិថិជនជ្រើសរើសវិធីសាស្រ្តដែលសមស្រប និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនតាមការព្រមព្រៀង៕







