ខេត្តស្វាយរៀង៖ កម្លាំងប្រតិបត្តិការចម្រុះ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង បានចុះបង្ក្រាបទីតាំងកាស៊ីណូមួយកន្លែង ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា បន្ទាប់ពីមានការសង្ស័យពាក់ព័ន្ធអាជីវកម្មអនឡាញខុសច្បាប់។

ប្រតិបត្តិការនេះ អនុវត្តស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។

ជាលទ្ធផល នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ១០៧នាក់ (ស្រី ២៦នាក់) មាន ៤ សញ្ជាតិ រួមមាន៖

  • ចិន ៦៧នាក់
  • ឥណ្ឌូនេស៊ី ២១នាក់
  • វៀតណាម ១៧នាក់
  • មីយ៉ាន់ម៉ា ២នាក់

ក្នុងនោះ មានមនុស្សភាគច្រើនមានលិខិតឆ្លងដែនត្រឹមត្រូវ។

ក្រៅពីនេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈជាច្រើន រួមមានកុំព្យូទ័រ ១៤៦គ្រឿង (លើតុ និងយួរដៃ) iPad ៧៣គ្រឿង ទូរស័ព្ទដៃ ១,៤២១គ្រឿង និងឧបករណ៍ពាក់ព័ន្ធផ្សេងៗ។

តាមការស៊ើបអង្កេត ជនសង្ស័យ ៤នាក់ ត្រូវបានរកឃើញថាប្រព្រឹត្តបទល្មើសល្បែងអនឡាញខុសច្បាប់ តាមរយៈវេបសាយ “Baby Slot” ខណៈ ២នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។

បច្ចុប្បន្ន ជនសង្ស័យ ៦នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ចំណែកជនបរទេស ១០១នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមច្បាប់។

Share.