កណ្តាល៖ ជនសង្ស័យ២នាក់បងប្អូន ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនបាន បន្ទាប់ពីដើរធ្វើសកម្មភាព កាត់យកខ្សែភ្លើងបំភ្លឺតាមដងផ្លូវ ស្ពានអាកាស ផ្លូវក្រវ៉ាត់ក្រុងទី៣ វេលាម៉ោង៦ព្រលប់ ថ្ងៃទី២៨ ខែមីនា និងចាប់ខ្លួនបានម្នាក់ទៀតនៅវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្ពានអាកាសមហាវិថីស៊ីជីងពីង ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ ២នាក់បងប្អូន៖ ទី១ ឈ្មោះ ថា ប៊ុននី ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាប្អូន និងទី២ ឈ្មោះ ថា វីវៈជិប ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវជាបង។ ជនសង្ស័យទាំង២នាក់ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន និងគ្មានមុខរបរពិតប្រាកដ រស់នៅភូមិសង្កាត់កើតហេតុខាងលើ។

សមត្ថកិច្ចបន្តទៀតថា ភ្លើងបំភ្លឺផ្លូវក្នុងភូមិសាស្ត្រខាងលើ បានដាច់ចរន្តអគ្គិសនី ងងឹត តាមដងផ្លូវពេលយប់ ទាំងសងខាងផ្លូវ បង្កឱ្យប៉ះពាល់ការធ្វើចរាចរណ៍ ទើបកម្លាំងសមត្ថកិច្ច ស្រាវជ្រាវ ឈានដល់ចាប់ខ្លួនបានម្នាក់ នាំយកទៅសាកសួរ តាមចាប់បានម្នាក់ទៀត ទាំង២នាក់បងប្អូន។
ក្រោយឃាត់ខ្លួនជនសង្ស័យបាន នាំយកទៅសាកសួរនៅផ្នែកជំនាញ អធិការដ្ឋានក្រុងតាខ្មៅ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

