ព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីចាប់បង្ខាំងមនុស្ស និងជំរិតទារប្រាក់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ និងសង្គ្រោះជនរងគ្រោះបាន ៣នាក់ នៅខេត្តព្រះសីហនុ។

ករណីនេះបានកើតឡើងបន្ទាប់ពីជនរងគ្រោះម្នាក់ជាជនជាតិវៀតណាម បានដាក់ពាក្យបណ្តឹងថា មិត្តស្រីរបស់ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណ លួចបង្ខាំង និងជំរិតទារប្រាក់ នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ មីនា ២០២៦។

ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញបានស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រហូតកំណត់បានទីតាំងសង្ស័យ។ នៅយប់ថ្ងៃទី ០១ មេសា ២០២៦ សមត្ថកិច្ចបានចុះបង្ក្រាប ជួយសង្គ្រោះជនរងគ្រោះ និងឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដែលភាគច្រើនជាជនជាតិចិន។
តាមការស្រាវជ្រាវ ក្រុមជនសង្ស័យបានប្រើល្បិចណាត់នារីមកជួបក្នុងគោលបំណងបម្រើសេវាផ្លូវភេទ ប៉ុន្តែពេលមកដល់វិញ បានចាប់បង្ខាំង និងជំរិតទារប្រាក់។ សមត្ថកិច្ចបញ្ជាក់ថា ក្រុមនេះបានធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់ មុនពេលត្រូវបានបង្ក្រាប។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ កំពុងត្រូវបានចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តព្រះសីហនុ

