តាមរយៈសារព័ត៌មាន CBS នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញការព្រមានដល់ពលរដ្ឋអាមេរិកទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ឱ្យចាកចេញជាបន្ទាន់ បន្ទាប់ពីមានព័ត៌មានដ៏គួរឱ្យទុកចិត្តអំពីផែនការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធដែលស្មោះស្ម័គ្រតាមអ៊ីរ៉ង់នៅកណ្តាលទីក្រុងបាកដាដ។

នៅក្នុងសេចក្ដីជូនដំណឹងមួយបានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ដែលសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ អាចនឹងរៀបចំផែនការវាយប្រហារក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងខាងមុខ ដោយកំណត់គោលដៅលើទីតាំងដែលទាក់ទងនឹងសហរដ្ឋអាមេរិក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទូទាំងប្រទេស។ ក្រុមទាំងនេះធ្លាប់មានប្រវត្តិវាយប្រហារលើបុគ្គលិក និងផលប្រយោជន៍អាមេរិក ទាំងនៅក្នុងទីក្រុងបាកដាដ និងតំបន់ឃឺដីស្ថានអ៊ីរ៉ាក់។

គោលដៅដែលអាចនឹងត្រូវវាយប្រហាររួមមាន ពលរដ្ឋអាមេរិក អាជីវកម្ម សាកលវិទ្យាល័យ ទីតាំងការទូត ហេដ្ឋារចនាសម្ព័ន្ធថាមពល សណ្ឋាគារ និងព្រលានយន្តហោះ ព្រមទាំងស្ថាប័នរដ្ឋាភិបាលអ៊ីរ៉ាក់ និងតំបន់ស៊ីវិល។ ការព្រមានក៏បានបញ្ជាក់ពីហានិភ័យនៃការចាប់ជំរិតកើនឡើងផងដែរ។

មន្ត្រីអាមេរិកបានថ្លែងថា រដ្ឋាភិបាលអ៊ីរ៉ាក់មិនទាន់អាចទប់ស្កាត់សកម្មភាពភេរវកម្មនៅក្នុងព្រំដែនរបស់ខ្លួនបានទាំងស្រុងនោះទេ។ គួរឱ្យបារម្ភថែមទៀតនោះ ក្រុមសកម្មប្រយុទ្ធមួយចំនួនដែលសម្ព័ន្ធមិត្តនឹងអ៊ីរ៉ង់ អាចបង្ហាញខ្លួនថាជាផ្នែកមួយនៃកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ដោយកាន់អត្តសញ្ញាណប័ណ្ណដែលមើលទៅហាក់ដូចជាផ្លូវការ ដែលធ្វើឱ្យពិបាកក្នុងការបែងចែករវាងអាជ្ញាធរស្របច្បាប់ និងក្រុមអរិភាព។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាកដាដ និងកុងស៊ុលទូទៅនៅទីក្រុង Erbil នៅតែបន្តប្រតិបត្តិការក្រោមរបបបញ្ជាឱ្យចាកចេញ ដែលមានន័យថា បុគ្គលិកដែលមិនសំខាន់ត្រូវបានផ្លាស់ទីលំនៅរួចរាល់ហើយ។ ទោះជាយ៉ាងណា ពលរដ្ឋអាមេរិកត្រូវបានគេណែនាំយ៉ាងខ្លាំងកុំឱ្យធ្វើដំណើរទៅកាន់ទីតាំងស្ថានទូត ឬកុងស៊ុល ដោយសារហានិភ័យសន្តិសុខខ្ពស់។

ទោះបីជាការចាកចេញពីអ៊ីរ៉ាក់អាចមានការពិបាកក៏ដោយ ដោយសារដែនអាកាសរបស់ប្រទេសនេះកំពុងបិទ និងជើងហោះហើរពាណិជ្ជកម្មមិនដំណើរការ ប៉ុន្តែផ្លូវគោកនៅតែបើកឆ្ពោះទៅកាន់ប្រទេសជិតខាងដូចជា ហ្ស៊កដានី គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងទួរគី។ ទោះជាយ៉ាងណា អ្នកធ្វើដំណើរគួររំពឹងទុកនូវការយឺតយ៉ាវយ៉ាងយូរនៅត្រង់ច្រកព្រំដែន។ បើទោះបីជាមានបញ្ហាប្រឈមទាំងនេះក្តី ក្រសួងការបរទេសអាមេរិកកំពុងជំរុញឱ្យពលរដ្ឋអាមេរិកចាកចេញជាបន្ទាន់ ខណៈដែលផ្លូវចាកចេញនៅតែមាន៕

Share.