ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីបំភ្លឺលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។




កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដោយមានការចូលរួមពីសមាជិក សមាជិកា និងតំណាងគណៈកម្មការនានា។




ក្នុងកិច្ចប្រជុំ គណៈប្រតិភូរាជរដ្ឋាភិបាល បានបំភ្លឺលម្អិតអំពីខ្លឹមសារសេចក្តីព្រាងច្បាប់ ដែលមានគោលបំណងពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើនឡើងក្នុងសង្គមបច្ចុប្បន្ន។
ជាលទ្ធផល អង្គប្រជុំបានឯកភាពទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់នេះ ហើយនឹងដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័ត នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
អត្ថបទ÷ចតុម្មុខ

